រដ្ឋាភិបាលយោធាបួគីណាហ្វាសូ ប្រកាសថាបានរារាំងផែនការធ្វើឃាតប្រធានាធិបតី និងការប៉ុនប៉ងធ្វើរដ្ឋប្រហារ
អន្តរជាតិ៖ រដ្ឋាភិបាលយោធានៃប្រទេសបួគីណាហ្វាសូ បានប្រកាសជាសាធារណៈថា ខ្លួនបានធ្វើការរារាំងដោយជោគជ័យនូវផែនការសម្ងាត់មួយ ដែលមានបំណងធ្វើឃាតប្រធានាធិបតីស្ដីទី លោកវរសេនីយ៍ឯក Ibrahim Traore និងក្នុងគោលបំណងបង្កអស្ថិរភាពដល់ផ្ទៃក្នុងប្រទេស។
យោងតាមការថ្លែងរបស់រដ្ឋមន្ត្រីសន្តិសុខ លោក Mahamadou Sana បានឱ្យដឹងថា ផែនការក្បត់នេះត្រូវបានរៀបចំឡើងដោយអតីតមេដឹកនាំជាតិ លោក Paul-Henri Damiba ដែលជាអ្នកត្រូវបានលោក Traore ទម្លាក់ចេញពីតំណែងនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំ ២០២២។ រដ្ឋាភិបាលបួគីណាហ្វាសូ ក៏បានចោទប្រកាន់បន្ថែមថា ផែនការសម្ងាត់នេះទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសំណាក់ប្រទេសកូដឌីវ័រ (Ivory Coast) ដែលជាប្រទេសជិតខាង។
![]()
គិតមកទល់ពេលនេះ ខាងភាគីប្រទេសកូដឌីវ័រ ក៏ដូចជាលោកវរសេនីយ៍ទោ Damiba មិនទាន់មានការឆ្លើយតប ឬការអត្ថាធិប្បាយណាមួយជុំវិញការចោទប្រកាន់នេះនៅឡើយទេ។
គួររំលឹកផងដែរថា ចាប់តាំងពីលោក Ibrahim Traore ឡើងកាន់អំណាចមក មានការប៉ុនប៉ងធ្វើរដ្ឋប្រហារជាច្រើនលើកមកហើយប្រឆាំងនឹងរូបលោក ខណៈដែលរដ្ឋាភិបាលបច្ចុប្បន្នតែងតែចង្អុលមុខចោទប្រកាន់ប្រទេសកូដឌីវ័រថា ជាអ្នកនៅពីក្រោយការជ្រៀតជ្រែកទាំងនោះ។