ចង់ញញឹមស្អាតដោយភាពជឿជាក់ជាមួយសុខភាពមាត់ធ្មេញ គួរទទួលអាហារ៣ប្រភេទ
ប្រាកដណាស់ថា ស្នាមញញឹមរបស់នារីៗ គឺជាមន្តស្នេហ៍មួយ សម្រាប់អ្នកដែលបានឃើញ ដូច្នេះហើយ ទើបយើងត្រូវតែមានវិធីមើលថែទាំធ្មេញរបស់យើងឱ្យស្អាត ស និងរឹងមាំ ដើម្បីត្រៀមជានិច្ចសម្រាប់ការញញឹមយ៉ាងស្រស់ស្រាយ ឱ្យអ្នកដែលនៅជុំវិញខ្លួន ឈ្លក់វង្វេង តែសួរថា តើត្រូវញ៉ាំអ្វីខ្លះដើម្បីឱ្យធ្មេញ ស ស្អាត និងរឹងមាំនោះ សូមតាមដានជាបន្ត…។
១- អាហារពពួក ខាបូហាយដ្រេត
អាហារពពួកខាបូហាយដ្រេត ដែលមានដូចជា ម្សៅ បាយ នំប៉័ងនោះ ច្រើនតែជាប់នៅតាមប្រឡោះជើងធ្មេញ ឬបរិវេណអញ្ចាញ បន្ទាប់ពីនោះម្សៅនឹងបំបែកខ្លួន ក្លាយជាស្ករ មានមេរោគបាក់តេរី ធ្វើឱ្យកើតស្នាមកំណក និងអាចកើតជំងឺអញ្ចាញធ្មេញបាន ដែលអាចធ្វើឱ្យធ្មេញពុកបាន។ ដូច្នេះសម្រាប់អាហារប្រភេទខាបូហាយដ្រេតនេះ យើងគួរញ៉ាំចំពោះតែពេលអាហារចម្បងៗ ដូចជា ពេលព្រឹក ថ្ងៃ និងល្ងាចបានហើយ ចៀសវាងញ៉ាំលេង នៅចន្លោះពេលអាហារទាំងនោះ ព្រោះថា នៅក្នុងពេលអាហារចម្បងៗទាំងនោះ យើងនឹងបញ្ចេញទឹកមាត់មកច្រើនណាស់ ទើបកម្ទេចកំណកអាហារទាំងនោះ ត្រូវបានលាងសម្អាតចេញអស់យ៉ាងងាយ។
២- គួរញ៉ាំទឹកតែជាប្រចាំ
មិនថាតែ តែខ្មៅ ឬតែបៃតងនោះទេ សុទ្ធតែមានសារធាតុ ផូលីហ្វើណូល ដែលជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរីពីរុក្ខជាតិ ដែលការពារមិនឱ្យមានកំណកកខ្វក់លឿងៗ មកតោងជាប់នៅលើធ្មេញ ជួយកាត់បន្ថយឱកាសក្នុងការកើតរោគធ្មេញពុក ឬរោគអញ្ចាញឱ្យថយចុះបាន។ ក្រៅពីនេះ វានៅអាចកាត់បន្ថយក្លិនមាត់ ដោយមានគុណសម្បត្តិទប់ស្កាត់ការរីកធំធាត់របស់មេរោគបាក់តេរីដែលជាមូលហេតុរបស់ក្លិនមាត់ទៀតផង ហើយទឹកតែ ភាគច្រើននៅមាន ភ្លូអូរ៉ាយដ៍ ដែលបានមកពីស្លឹកតែទៀតផង។
៣- ញ៉ាំវិតាមីនC ឱ្យបានគ្រប់គ្រាន់
វីតាមីនC ប្រៀបដូចជាស៊ីម៉ង់ត៍ដែលភ្ជាប់កោសិកាផ្សេងៗ ឱ្យចូលមកជាប់ជាមួយគ្នាវិញ វាចាំបាច់ចំពោះស្បែកដូចគ្នានឹងសាច់ភ្នាសរបស់អញ្ចាញធ្មេញដែរ។ អ្នកដែលញ៉ាំវីតាមីនC តិចជាង ៦០មីល្លីក្រាមក្នុង ១ថ្ងៃ នឹងមានឱកាសកើតរោគអញ្ចាញធ្មេញខ្ពស់ជាងអ្នកដែលញ៉ាំ ១៨០មីល្លីក្រាម ឬច្រើនជាង ២៥% ដូច្នេះហើយទើបវីតាមីនC ជាចំណែកមួយសំខាន់ ដែលជួយមើលថែទាំធ្មេញឱ្យរឹងមាំឡើង។
ត្រឹមតែការទទួលទាននូវពួកអាហារ ៣ប្រភេទដូចដែលបានលើកឡើងបន្ថែមពីលើការឧស្សាហ៍សម្អាតធ្មេញធានាថា ធ្មេញរបស់អ្នកនឹងស្រស់ស្អាត ស និងរឹងមាំ ត្រៀមជាស្រេចសម្រាប់ការញញឹមដ៏ស្រស់ស្រាយ និងមានមន្តស្នេហ៍យ៉ាងពិតប្រាកដ៕