ក្ដៅៗ! សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនឱ្យយកលុយលើការផ្សាយផ្ទាល់ទៅក្រៅប្រទេសសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា
(ភ្នំពេញ)៖ មុននេះបន្តិច សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសមិនឱ្យយកលុយឡើយ សម្រាប់ការផ្សាយបន្តទៅក្រៅប្រទេសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើយោងតាមឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
មែនទែនទៅ ការប្រកាសរបស់សម្ដេចបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ពោលគឺកាលពីថ្ងៃទី៣០ ខែមីនា សម្តេចតេជោ ហ៊ុន សែន ទើបនឹងប្រកាសលុបចោលការយកថ្លៃសំបុត្រ សម្រាប់ការចូលទស្សនាគ្រប់វិញ្ញាសារប្រកួតទាំងអស់។
ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះថា សម្តេចតេជោ បញ្ជាមិនអោយយកលុយពីទូរទស្សន៍បរទេសនានា ដែលផ្សាយពីស៊ីហ្កេម ៣២ នៅកម្ពុជាទេ។
ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ៖« សម្តេចតេជោ ហ៊ុនសែន ប្រកាសអោយទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលកីឡា ស៊ីហ្កេម ដោយមិនបង់លុយទាំងអស់ ។ សហព័ន្ធកីឡាដែលចូលរួមក៏មិនត្រូវបង់លុយដែរ »។
ជាមួយគ្នានេះ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ផងដែរថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចមិនយកថ្លៃចូលទស្សនាការប្រកួត និងការផ្សព្វផ្សាយ នៃការប្រកួតចេញទៅក្រៅប្រទេសដោយឥតគិតថ្លៃ សម្រាប់ផ្សាយបន្តផ្ទាល់»។
ជុំវិញការទិញសិទ្ធផ្សាយបន្តផ្ទាល់ទៅក្រៅប្រទេសនេះ កន្លងមក មានប្រទេសសមាជិកកីឡាស៊ីហ្គេមមួយចំនួន ធ្លាប់បានបង្ហាញការប្រតិកម្ម ក៏ដូចជាការមិនពេញចិត្ត ចំពោះការយកថ្លៃផ្សាយបន្តទៅក្រៅប្រទេស ដោយអះអាងថា មានតម្លៃថ្លៃពេក។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕