Close

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ជាង៦ពាន់នាក់

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ជាង៦ពាន់នាក់ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ជាង៦ពាន់នាក់

នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សិក្ខាកាម និងនិស្សិតដែលទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រនេះ មានចំនួនសរុប​ចំនួន ៦,០៥១នាក់ ស្រី ៣,៨៩៥នាក់។ សម្តេចតេជោ បានអញ្ជើញប្រគល់វិញ្ញា​បន​បត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថាននេះចំនួនពីរលើក​រួចមក​ហើយ។ លើកទី១ បានធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០០២ និងលើកទី២ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៦។

វិទ្យាស្ថានជាតិពាណិជ្ជសាស្ដ្រ ត្រូវបានបង្កើតឡើងក្នុង​ឆ្នាំ​១៩៧៩ មានឈ្មោះថា «សាលាបច្ចេកទេសពាណិជ្ជកម្មមជ្ឈិម» ស្ថិតក្រោមឱវាទ​ក្រសួង​ពាណិជ្ជកម្ម។ នៅឆ្នាំ១៩៨៥ ត្រូវបានប្ដូរឈ្មោះមកជាសាលាមធ្យម​សិក្សា​ឯក​ទេសពាណិជ្ជកម្ម។ នៅឆ្នាំ១៩៩៤ ត្រូវបានផ្ទេរមកនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និងកីឡា ហើយនៅឆ្នាំ២០០១ បានប្តូរឈ្មោះមកជា វិទ្យាស្ថានជាតិ​ពាណិជ្ជសាស្ដ្រ។

ចាប់ពីឆ្នាំ២០០៤ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ត្រូវបានផ្ទេរមកស្ថិតនៅក្រោម​ការ​គ្រប់​គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វិទ្យាស្ថាននេះ មានភារកិច្ច​បណ្តុះ​បណ្តាលសិក្ខាកាម សិស្ស និស្សិត លើផ្នែកធុរកិច្ច និងសេវាកម្ម ចាប់ពីរយៈពេលខ្លី រហូត​ដល់រយៈពេលវែង ទាំងនិស្សិតអាហារូបករណ៍របស់រដ្ឋ និងនិស្សិតបង់ថ្លៃសិក្សា។

វិទ្យាស្ថានមានគណៈគ្រប់គ្រងសាស្រ្តាចារ្យ និងបុគ្គលិកខ្មែរ-បរទេសជាប់កិច្ចសន្យា សរុបចំនួន ១៤៥នាក់ ស្រី ៣៧នាក់ ដែលក្នុងនោះមានកម្រិតថ្នាក់បណ្ឌិតចំនួន​០៣នាក់ ស្រី ១នាក់ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន​​ ៩០នាក់ ស្រី ១៧នាក់ កម្រិតថ្នាក់​បរិញ្ញាបត្រ/វិស្វករ ចំនួន ២២នាក់ ស្រី ៦នាក់ និងកម្រិតក្រោមបរិញ្ញាបត្រ ចំនួន ៣០នាក់ ស្រី១៣នាក់។ចាប់តាំងពីឆ្នាំ១៩៨៥ ដល់បច្ចុប្បន្ន វិទ្យាស្ថានបានបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិត បានសរុបចំនួន ២៣,៨៨៣នាក់ នារី ១០,១៦៣នាក់។ ក្នុងនោះមាននិស្សិត​អាហារូបករណ៍​របស់សម្តេចតេជោមានចំនួន ៨៣០នាក់។ សិស្ស និស្សិតកំពុងសិក្សាមានសរុបចំនួន ៥,០៦១នាក់ នារី ៣,៤៦៨នាក់។ សិក្ខាកាម សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាទទួលបានការងារធ្វើ ៩៩,៣៦ភាគរយ៕

អត្ថបទទាក់ទង