មុនស៊ីហ្គេមមកដល់ ! ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ហោះទៅប្រកួតដណ្តើមពានរង្វាន់អន្តរជាតិ
ភ្នំពេញ ៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានហោះទៅចូលរួមប្រកួតពានរង្វាន់បាល់ទះអន្តរជាតិមួយ ដែលមានឈ្មោះថា Tri-Nation Volleyball Cup 2023 ជាមួយ ម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីជាផ្នែកមួយនៃការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ពានរង្វាន់ Tri-Nation Volleyball Cup 2023 នឹងត្រូវបើកការប្រកួតជាផ្លូវការចាប់ពីថ្ងៃទី២៩ ខែមីនានេះ រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅលើទីលានបាល់ទះ MBSA Indoor Volleyball Hall Section 4 ក្នុងរដ្ឋ Shah Alam, Selangor ប្រទេសម៉ាឡេស៊ី ហើយក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ទឹកដីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែមីនា ម្សិលមិញនេះ។
តាមកាលវិភាគនៃការប្រកួតពានមិត្តភាពអន្តរជាតិនេះ គឺក្រុមជម្រើសជាតិបាល់ទះកម្ពុជា ត្រូវប្រកួតបើកឆាកជាមួយក្រុមម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែមីនា វេលាម៉ោង ៩:៣០នាទីយប់ មុនពេលជួបក្រុមសិង្ហបុរី នៅថ្ងៃទី៣០ ខែមីនា វេលាម៉ោង ៧:៣០នាទីយប់ ហើយការប្រកួតលើកទី៣ចុងក្រោយ គឺក្រុមកម្ពុជា ត្រូវជួបក្រុមម៉ាឡេស៊ី B នៅថ្ងៃទី៣១ ខែមីនា វេលាម៉ោង ៧:៣០នាទីយប់។ ក្រោយចប់ការប្រកួតវិលជុំសន្សំពិន្ទុនេះ ក្រុមណាមានពិន្ទុលើគេ ឈរលេខ១ និងលេខ២ ត្រូវឡើងទៅប្រកួតផ្ដាច់ព្រ័ត្រ យកជើងឯកប្រចាំឆ្នាំនេះតែម្តង។
គួររំលឹកថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅ ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានឈ្នះមេដាយសំរឹទ្ធជាប្រវត្តិសាស្រ្តលើកដំបូង ហើយជាមួយជ័យជម្នះនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានដាក់មហិច្ឆតារួមគ្នាត្រូវដណ្តើមយកមេដាយមាសជូនជាតិ៕