គំនិតច្នៃប្រឌិត : ពីអង្ករដែលហួសកាលបរិច្ចេទ ទៅជាសិល្បៈដ៏ស្រស់ស្អាត ហើយមានតម្លៃថ្លៃ
សិល្បៈអាចមានច្រើនទម្រង់អាស្រ័យទៅតាមការច្នៃប្រឌិតរបស់អ្នកសិល្បៈនីមួយៗ។ កន្លងមកនេះ គេឃើញមានសិល្បៈគំនូរ សិល្បៈស្រមោល សិល្បៈតម្រៀបវត្ថុផ្សេងៗចូលគ្នាឱ្យចេញជាផ្ទាំងរូបភាពជាដើម។ មិនថាក្នុងទម្រង់ណាក៏ដោយ សិល្បៈត្រូវការពេលវេលាក្នុងការផ្ចិតផ្ចង់ ត្រូវការភាពអំណត់ខ្ពស់ទម្រាំបានចេញជាស្នាដៃនីមួយៗ។
តួរយ៉ាង សិល្បៈអង្ករឯណោះវិញ ជាស្នាដៃរបស់សិល្បៈករស្រ្តីមួយរូប ដែលយកគ្រាប់អង្ករទៅផ្គុំចូលគ្នាឱ្យចេញជារូបភាពមួយផ្ទាំង ហើយគ្រាប់អង្ករនោះទៀតសោត គឺជាអង្ករដែលហួសកាលបរិច្ចេទ និងចុងអង្ករដែលមិនមានការប្រើប្រាស់ច្រើន ពោលគឺមិនមានតម្លៃនោះទេ។
បន្ទាប់ពីការផ្ចិតផ្ចង់ រៀបបញ្ចូលគ្នានៃគ្រាប់អង្ករដែលមិនត្រូវបានគេប្រើប្រាស់ទាំងនោះ សិល្បៈករខាងលើទទួលបានរូបភាពមួយផ្ទាំង ដែលមានភាពស្រស់ស្អាត ព្រមទាំងលក់ក្នុងតម្លៃថ្លៃផងដែរ។
កញ្ញា ព្រំ គឹម អៀង ដែលជាម្ចាស់ស្នាដៃគំនូរគ្រាប់អង្ករជាច្រើនផ្ទាំង ពីដើមឡើយគឺជាអ្នកលក់បាយទ្រាប និងជាអ្នកដែលចង់លើកតម្លៃអង្ករខ្មែរ។ ដោយមហិច្ចតានេះ កញ្ញាតាំងចិត្តរៀនសូត្រដោយ ចំណាយពេលវេលាអស់៥ឆ្នាំ។
គិតមកដល់ពេលនេះ គំនូរគ្រាប់អង្ករ ឬ Cambodia Rice Art របស់កញ្ញា មានអាយុកាល៨ឆ្នាំហើយ ប៉ុន្តែបើនិយាយពីការគាំទ្រវិញ គឺនៅមានកម្រិតនៅឡើយ។
សិល្បៈកររូបនេះបានរៀបរាប់ឱ្យដឹងថា ខ្លួនបានចាប់ផ្ដើមធ្វើគំនូរតាំងពីឆ្នាំ២០១៥ ប៉ុន្តែផ្ទាំងគំនូរដំបូងដែលមានអ្នកទិញគឺក្នុងឆ្នាំ២០១៧។
កញ្ញាក៏បានបញ្ជាក់ផងដែរថា អ្នកគាំទ្រស្នាដៃរបស់ខ្លួនភាគច្រើនជាជនបរទេសដែលអាចជាអ្នកទេសចរ ឬជាអ្នករស់នៅក្នុងប្រទេសកម្ពុជាស្រាប់ ប៉ុន្តែសម្រាប់ប្រជាជនខ្មែរគឺមានតិចតួចណាស់។ បើទោះជាយ៉ាងនេះក្ដី បច្ចុប្បន្ននេះកញ្ញាក៏ចាប់ផ្ដើមសម្គាល់ឃើញមានសម្ទុះនៃការគាំទ្រក្នុងស្រុកគួរសម ថ្វីត្បិតថាមិនច្រើន ប៉ុន្តែក៏ជាការចាប់ផ្ដើមដ៏ល្អមួយ។
ត្រឡប់ទៅកាន់ការបង្កើតសិល្បៈផ្ទាំងគំនូរវិញ កញ្ញា គឹម អៀង បានឲ្យដឹងពីមូលហេតុនៅពីក្រោយថា ៖ «ខ្ញុំយល់ថាវាអាចរួមចំណែកដល់សេដ្ឋកិច្ចផង និងជួយលើកកម្ពស់ដល់វិស័យអង្ករខ្មែរផង ទើបខ្ញុំសម្រេចចិត្តផ្តើមកែច្នៃរបស់ដែលគេមិនសូវឲ្យតម្លៃមកជារបស់ដែលមានតម្លៃជាងមុន ហើយភាគច្រើនខ្ញុំយកតែអង្ករដែលហួសកាលបរិច្ឆេទ ពិសេសចុងអង្ករមកកែច្នៃឲ្យទៅជាគំនូរដែលមានតម្លៃថ្លៃវិញ»។
បច្ចុប្បន្ននេះ កញ្ញាបានបង្កើតសាខាលក់គំនូរចំនួន២ទីតាំង គឺនៅក្នុងក្រុងភ្នំពេញ និងនៅខេត្តសៀមរាប ហើយអាចរកចំណូលបានចន្លោះពី ១,៥០០ដុល្លារទៅ ២,០០០ដុល្លារក្នុងមួយខែ ដែលចំណូលនេះគឺបូករួមទាំងថ្លៃដើម។
ថ្វីដ្បិតថា រកចំណូលបានច្រើន ក៏ប៉ុន្តែក្នុងគំនូរមួយផ្ទាំងទំហំ A4 កញ្ញាត្រូវចំណាយពេលធ្វើដល់ទៅ ៣សប្ដាហ៍ឯណោះ ហើយប្រសិនបើមានការរចនា តុបតែងផ្សេងទៀត នឹងត្រូវចំណាយពេលយូរជាង ៣សប្ដាហ៍ទៅទៀត។
ដើម្បីលើកកម្ពស់អង្ករខ្មែរ ក៏ដូចជាគ្រប់ទម្រង់នៃសិល្បៈខ្មែរ កញ្ញា បាន និងកំពុងខិតខំចូលរួមក្នុងវេទិកាព្រឹត្តិការណ៍ពិព័រណ៍នានា ដើម្បីយកឱកាសទាំងនោះសម្រាប់ផ្សព្វផ្សាយស្នាដៃរបស់ខ្លួន បន្ថែម។
កញ្ញាក៏អំពាវនាវឱ្យប្រជាជនកម្ពុជាចូលរួមគាំទ្រ ជាពិសេសរៀនស្វែងយល់ពីតម្លៃនៃសិល្បៈក្នុងស្រុកទាំងអស់គ្នាដើម្បីជាកម្លាំងចិត្ត និងធនធានសម្រាប់បណ្តាសិល្ប:ករ៕