ទីបំផុត! កែវ រំចង់ ត្រឡប់មកសង្វៀនវិញ នៅសប្ដាហ៍នេះ
អ្នកប្រដាល់ដ៏មានប្រជាប្រិយភាព រហស្សនាម តោកំណាច បាត់ដំបង កែវ រំចង់ នឹងត្រឡប់មកកាន់សង្វៀនសាជាថ្មីនៅចុងសប្ដាហ៍នេះ បន្ទាប់ពីផ្អាកការប្រកួតអស់រយៈពេលយ៉ាងយូរស្ទើរតែធ្វើឲ្យអ្នកគាំទ្រភ្លេចមុខទៅហើយ។
យោងតាមការបញ្ជាក់របស់អ្នកតំណាងស្ថានីយទូរទស្សន៍ជាតិ(ទទក) ជើងខ្លាំងមកពីខេត្តបាត់ដំបង រូបនេះ នឹងត្រូវប្រកួតជាមួយជើងខ្លាំងមកពីអឺរ៉ង់ អាលវិន មេបូឌី នៅលើសង្វៀន Krud គុនខ្មែរ នាថ្ងៃទី ២៥-២៦ ខែមីនា ឆ្នាំ ២០២៣ នៅបរិវេណទីតាំងវិមានឯករាជ្យ ក្រុងស្វាយរៀង។
ដ្បិតមានវ័យរាងចាស់ និងខកខានវាយក៏ដោយ ក៏កីឡាករចិត្តសឿងវាយមិនចេះរាថយរូបនេះ ដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាជាតិ ផងដែរ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។ យ៉ាងណាមិញ បន្ទាប់ពីឈ្នះមេដាយមាស កែវ រំចង់ មិនដែលបានឡើងសង្វៀនទៀតឡើយ ទើបតែលើកនេះទេ ដែល ទទក ផ្ដល់ឱកាសឲ្យលោកឡើងវាយម្ដងទៀត។
នេះអាចនិយាយបានថា កីឡាករចាស់ៗដែលធ្លាប់បានសាងភាពល្បីខ្លាំងសម្រាប់ការប្រកួតគុនខ្មែរ ពីមុនចាប់ផ្ដើមមានទីផ្សារវិញហើយ។ មែនទែនទៅ ចាស់គ្រាន់តែជាអាយុប៉ុណ្ណោះ សំខាន់ឲ្យតែកីឡាករវាយនៅខ្លាំង និងបច្ចេកទេសល្អ។
គួរបញ្ជាក់ថា កែវ រំចង់ បានសម្រាកពីប្រកួតយូឆ្នាំមកហើយ ក្រោយពីរូបគេបានឈ្នះខ្សែក្រវ៉ាត់អន្ដរជាតិ ពីប្រទេសបារាំង ក្នុងប្រភេទទម្ងន់៦៣ និង ៦៧គីឡូក្រាម ។ កីឡាកររូបនេះ ក៏មានជ័យលាភីជាច្រើនដែរ សម្រាប់ការប្រកួតក្នុងប្រទេស ដូចជាជើងឯកប្រចាំទូរទស្សន៍បាយន៍ ។ សម្រាប់ការប្រកួតចុងក្រោយ រូបគេបានយកឈ្នះលើ វង្ស ណយ ដោយពិន្ទុ ក្នុងការប្រកួតខារ៉ាបាវគុនខ្មែរ នេះបើមិនរាប់ពីការប្រកួតកីឡាជាតិ៕