Ronaldo៖ ប្រសិនបើខ្ញុំបាក់ជើង ដោយសារព័រទុយហ្គាល់ ក៏ខ្ញុំព្រមដែរ
តារាឆ្នើម Cristiano Ronaldo សប្បាយចិត្ត នឹងការឈ្នះពាន Nations League ជាលើកទី២របស់ខ្លួន ជាមួយក្រុមជម្រើសេជាតិព័រទុយហ្គាល់ បន្ទាប់ពីយកឈ្នះ អេស្ប៉ាញ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី នៅវគ្គផ្តាច់ព្រ័ត្រ កាលពីមិញ។
Ronaldo បាននិយាយបន្ទាប់ពីបញ្ចប់ការប្រកួត នៅកីឡដ្ឋាន Allianz Stadium យ៉ាងដូច្នេះថា ៖«ខ្ញុំបានរងរបួសបន្តិច ក្នុងអំឡុងពេលកំដៅសាច់ដុំ។ ប៉ុន្តែខ្ញុំបានយកឈ្នះលើការលំបាកនេះ សម្រាប់ក្រុម។ ខ្ញុំពិតជាសប្បាយចិត្តណាស់។ សម្រាប់ក្រុម ប្រសិនបើខ្ញុំត្រូវបាក់ជើងរបស់ខ្ញុំ ក៏ខ្ញុំនឹងទទួលយកវា។ សម្រាប់ពានរង្វាន់នេះ ខ្ញុំត្រូវតែលេង។ ខ្ញុំបានលះបង់ទាំងអស់ ហើយប្រឹងប្រែងអស់ពីសមត្ថភាព និងស៊ុតបញ្ចូលទី ដើម្បីជួយក្រុម»។
Ronaldo បានបន្ថែមថា ៖«ខ្ញុំបានឈ្នះពានជាច្រើន ជាលក្ខណៈបុគ្គល និងជាមួយក្លឹប ប៉ុន្តែគ្មានអ្វីប្រសើរជាងការឈ្នះជាមួយនឹងក្រុមព័រទុយហ្គាល់ នោះទេ។ ជំនាន់នេះ ពួកយើងសមនឹងទទួលបានពានធំបែបនេះ។ ការឈ្នះពានគឺតែងតែជាភាពចម្បង សម្រាប់ក្រុមជម្រើសជាតិ»។
ជាការពិតណាស់ ក្នុងការប្រកួតនេះ អេស្ប៉ាញ មិនអាចគ្រប់គ្រងការប្រកួតបានទេ ទោះបីជារកបានគ្រាប់បាល់២គ្រាប់ ដោយកីឡាករ Martin Zubimendi នៅនាទីទី២១ និង Mikel Oyarzabal នៅនាទី ៤៥។ នៅនាទីទី២៦ Nuno Mendes បានស៊ុតចូលតាមស្មើក្រុមព័រទុយហ្គាល់ ១-១ ហើយបន្ទាប់មក នៅនាទីទី ៦១ Ronaldo បានស៊ុតបញ្ចូលទីតាមស្មើ ២-២។
នៅនាទីទី ៨៨ ខ្សែប្រយុទ្ធវ័យ ៤០ឆ្នាំ រូបនេះ ត្រូវបានប្តូរចេញពីទីលាន ជំនួសវិញដោយកីឡាករវ័យក្មេង Goncalo Ramos ។ ជាមួយនឹងពិន្ទុស្មើគ្នា ២-២ បន្ទាប់ពីពន្យាពេលដល់ម៉ោងបន្ថែម ហើយនៅតែមិនទាន់អាចរកអ្នកឈ្នះ ក្រុមទាំងពីរ ត្រូវកាត់សេចក្ដីដោយបាល់ប៉េណាល់ទី។ ជាលទ្ធផល ព័រទុយហ្គាល់ បានឈ្នះ ៥-៣។
សរុបមក ព័រទុយហ្គាល់ និង Ronaldo បានឈ្នះពាន Nations League ជាលើកទីពីរ បន្ទាប់ពីលើកទីមួយក្នុងឆ្នាំ ២០១៩ បូករួមជាមួយពាន Euro 2016 បានធ្វើឲ្យអតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United និងអធិរាជស Real Madrid រូបនេះ ឈ្នះពានសរុបចំនួន៣ ជាមួយក្រុមជម្រើសជាតិ។
គួរបញ្ជាក់ថា Ronaldo បានចាប់ផ្តើមលេងឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងឆ្នាំ ២០០៣។ ក្នុងរយៈពេលជាង ២២ឆ្នាំ ខ្សែប្រយុទ្ធវ័យ ៤០ ឆ្នាំរូបនេះ បានបង្កើតកំណត់ត្រានៃការបង្ហាញខ្លួនសរុបចំនួន ២២១ប្រកួត និងស៊ុតបញ្ចូលទីបាន ១៣៨ គ្រាប់។ ក្នុងវគ្គផ្តាច់ព្រ័ត្រ ចំនួន ៤ជាមួយ ព័រទុយហ្គាល់ Ronaldo បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រតែម្ដងប៉ុណ្ណោះ ពោលគឺចាញ់ ក្រិក ០-១ នៅ Euro 2004៕