យប់នេះ! ក្រុមគោព្រៃកម្ពុជា ប៉ះ តាជីគីស្ថាន ក្នុងជំនួបមិត្តភាពអន្តរជាតិ
នៅយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Koji Gyotoku នឹងប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិ តាជីគីស្ថាន នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៧:០០នាទីយប់។
ក្នុងជំនួបមិត្តភាពនេះ លោក Koji Gyotoku បានកោះហៅកីឡាករចំនួន ២៣នាក់ ក្នុងនោះភាគច្រើនសុទ្ធតែជាកីឡាករក្មេងៗ ក្នុងគោលបំណង ដើម្បីសម្រួចយុវជនត្រៀមការប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃចុងឆ្នាំនេះ។ ក្នុងបញ្ជីកោះហៅលើកនេះ គេសង្កេតឃើញថា កីឡាករចូលសញ្ជាតិមានតែម្នាក់គត់ គឺខ្សែការពារ កាន់ ម៉ូ ខណៈ Yudai Ogawa និង Andre Neito ជាដើម សុទ្ធតែអវត្តមាន។
ងាកមកចាប់អារម្មណ៍ការប្រកួតយប់នេះវិញ គ្រូបង្វឹកក្រុមគោព្រៃ លោក Koji Gyotoku បានថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតយ៉ាងដូច្នេះថា៖« ពួកយើងពិតជារីករាយមែនទែន ដែលបានប្រកួតជាមួយនឹងក្រុមដែលកំពុងនឹងរីកចម្រើនដូចជាតាជីគីស្ថាន។ ក្រុមជម្រើជាតិតាជីគីស្ថាន គឺជាក្រុមខ្លាំង ដូចដែលអ្នកទាំងអស់គ្នាបានដឹង កម្រិតគេខ្ពស់ ហើយកីឡាកររបស់គេក៏មានគុណភាពទៀត»។
គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះ បានបន្ថែមថា៖« សម្រាប់ការប្រមូលផ្តុំប្រកួតនេះ យើងប្រើប្រាស់កីឡាករក្មេងៗច្រើន ដោយសារតែបញ្ចប់រដូវកាល កីឡាករចំនួនបន្សល់ភាពនឿយហត់ និងជួបរបួស មិនអាចចូលរួមបាន យើងបាត់បង់កីឡាករសំខាន់ៗដែរ ប៉ុន្តែយើងនឹងព្យាយាមលេងឱ្យបានល្អ។ អ្វីដែលខ្ញុំរំពឹងប្រកួតនេះ គឺជាកាលេងដ៏ល្អរបស់ក្រុមយើង ហើយសង្ឃឹមថាអ្នកគាំទ្រ នឹងមកអោយបានច្រើនដើម្បីគាំទ្រលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជា»៕