កាន់ ម៉ូ និង នេតូ រ៉ុនដុន ចូលរួមជាមួយក្រុម ASEAN All Stars ដើម្បីលេងទល់និងក្រុមបិសាចក្រហម MANCHESTER UNITED

តបតាមការស្នើសុំរបស់លោកគ្រូបង្គោល KIM SANG-SIK តាមរយៈសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឯកភាពក្នុងការបញ្ជូនកីឡាករ ០២នាក់ មានកីឡាករ កាន់ ម៉ូ និង នេតូ រ៉ុនដុន តំណាងឱ្យជម្រើសជាតិកម្ពុជា ដើម្បីចូលរួមជាមួយក្រុម ASEAN ALL-STARS សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្លិបបាល់ទាត់ MANCHESTER UNITED នៅថ្ងៃ២៨ ឧសភា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ខាងមុខនេះ។
បើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ការជ្រើសរើសកីឡាករ គឺជាការសម្រេចចិត្តរបស់គ្រូបង្គោលអាស៊ានអលស្តារ (ASEAN All-STARS) លោក Kim Sang-Sik ដែលកម្ពុជា យើងទទួលបានកូតាកីឡាករ ២រូប ចំណែកប្រទេសមួយចំនួនទទួលបានកូតាតែ ១រូបប៉ុណ្ណោះ ។
គួរបញ្ជាក់ថា កីឡាករជម្រើសជាតិកម្ពុជា កាន់ ម៉ូ បច្ចុប្បន្នកំពុងលេងនៅក្លិបបាល់ទាត់ វិសាខា លេងក្នុងតំណែងជាខ្សែការពារ ខណៈ កីឡាករ នេតូ រ៉ុនដុន កំពុងលេងនៅក្លិបបាល់ទាត់ភ្នំពេញក្រោន ក្នុងនាមជាខ្សែប្រយុទ្ធ។ ទាំងវិសាខា និងភ្នំពេញក្រោន កំពុងប្រជែងពិន្ទុគ្នាយ៉ាងខ្លាំងនៅលីគកំពូលកម្ពុជា ដោយភ្នំពេញក្រោន ឈរលេខ២ ខណៈវិសាខា ឈរលេខ៣ ស្របពេលដែលព្រះខ័នរាជស្វាយរៀង កំពុងឈរនៅកំពូលតារាង។
សូមជម្រាប់ជូនផងដែរថា កាន់ ម៉ូ និង នេតូ រ៉ុនដុន ក៏មានកីឡាករមួយរូបផងដែរ ដែលលេងនៅលីគកំពូលកម្ពុជា ត្រូវបានកោះហៅចូលរួមជាមួយក្រុម ASEAN All Stars គឺខ្សែប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀង និងក្រុមជម្រើសជាតិឡាវ កីឡាករ BOUNKONG BOUNPHACHAN ៕