ព្រះខ័នរាជស្វាយរៀង យកឈ្នះ ភ្នំពេញក្រោន រក្សាគម្លាតកំពូលតារាង
ការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ បានបញ្ចប់សប្ដាហ៍ទី២៧ ហើយ ដោយក្នុងនោះ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ក្រុមបាល់ទាត់ភ្នំពេញក្រោន ក្នុងលទ្ធផល ២ ទល់នឹង ០ ដែលធ្វើឲ្យពួកគេ បន្តកំពូលតារាង ដាច់ពីក្រុមលេខ២ ចំនួន ៤ពិន្ទុ ខណៈការប្រកួតនៅសល់តែ ៥ប្រកួតទៀតប៉ុណ្ណោះ។
ជាមួយគ្នានេះ ក្រុមបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្ដោះអាសន្ន លោក 𝗔𝗸𝗲𝗲𝗽 𝗧𝘂𝗻𝗷𝗶 បានលើកទ័ពយក ៣ពិន្ទុ យ៉ាងមានសារៈសំខាន់ ពីក្រុមបាល់ទាត់អង្គរថាយហ្គឺរ ដែលធ្វើឲ្យពួកគេកាន់តែកៀកក្រុមលេខ២ ភ្នំពេញក្រោន ដោយខុសគ្នាតែ ១ពិន្ទុប៉ុណ្ណោះ និងមានគម្លាតចំនួន ៥ពិន្ទុ ពីក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង។
-លទ្ធផលការប្រកួតក្រុម 𝗧𝗢𝗣𝟲 សប្ដាហ៍ទី២៧ ៖
• ភ្នំពេញក្រោន ០-២ ព្រះខ័នរាជស្វាយរៀង
• អង្គរថាយហ្គឺរ ២-៣ វិសាខា
• បឹងកេត ០-០ ណាហ្គាវើលដ៍។
គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី២៧នេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ឈរលេខ១ មាន ៦៤ពិន្ទុ, ភ្នំពេញក្រោន ឈរលេខ២ មាន ៦០ពិន្ទុ ខណៈវិសាខា ឈរលេខ៣ មាន ៥៩ពិន្ទុ ចំណែកក្រុមអង្គរថាយហ្គឺរ ឈរលេខ៤ មាន ៤០ពិន្ទុ រីឯ ណាហ្គាវើលដ៍ ឈរលេខ៥ មាន ៣៧ពិន្ទុ ស្របពេលដែល បឹងកេត ឈរលេខ៦ មាន ៣៤ពិន្ទុ៕