លីគកំពូលកម្ពុជា នឹងត្រឡប់មកវិញ នៅចុងសប្ដាហ៍នេះ!
ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឬ លីគកំពូលកម្ពុជា រដូវកាល ២០២៤/២៥ នឹងវិលមកវិញនៅចុងសប្ដាហ៍នេះ បន្ទាប់ពីសម្រាក ១សប្ដាហ៍ អំឡុងពេល FIFA DAY ដើម្បីឲ្យកីឡាករចូលរួមជាមួយក្រុមជម្រើសជាតិ។
ការប្រកួតសប្ដាហ៍ទី២៦ នៅចុងសប្ដាហ៍នេះ នៅតំបន់ TOP6 កាន់តែតានតឹងបន្ថែមទៀតហើយ ក្រោយពីបញ្ចប់ការប្រកួតសប្ដាហ៍ទី២៥ កន្លងទៅ ក្រុមកំពូលតារាងទាំង៣ កំពុងតែប្រដេញពិន្ទុគ្នា ប្រជែងពានខេមបូឌានព្រីមៀរលីគរដូវកាល ២០២៤/២០២៥ នេះ ស្របពេលដែលបឹងកេត ជាក្រុមដំបូងគេ ក្នុងចំណោមក្រុមទាំងកំពូលទាំង៦ នៅលីគកំពូលកម្ពុជា អស់ឱកាសប្រជែងពានជាផ្លូវការ។
ចំណែក៣ក្រុមដែលកំពុងប្រដេញពិន្ទុគ្នា រួមមានក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង មាន ៥៨ពិន្ទុ តាមពីក្រោយដោយលេខ២ សិង្ហក្រហមភ្នំពេញក្រោន មាន ៥៧ពិន្ទុ និងក្រុមសេះមាសវិសាខា ឈរលេខ៣ មាន ៥៣ពិន្ទុ។
សម្រាប់ការប្រកួតចុងសប្ដាហ៍នេះ រួមមាន៖ ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ ណាហ្គាវើលដ៍ ទទួល ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៦:០០នាទីល្ងាច និង សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ប៉ះ កងយោធពលខេមរភូមិន្ទ វេលាម៉ោង ៦:០០នាទីល្ងាច ដូចគ្នា។
ចំណែកឯថ្ងៃអាទិត្យ Super Sunday Match តែម្ដង អង្គរថាយហ្គឺរ ទទួល សិង្ហក្រហមភ្នំពេញក្រោន វេលាម៉ោង ៦:០០នាទីល្ងាច និងមួយគូចុងក្រោយ ក្រុមសេះមាស វិសាខា ទទួល នាគខៀវ បឹងកេត វេលាម៉ោង ៦:០០នាទីល្ងាច ដូចគ្នាផងដែរ៕