សហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងលោក KOJI GYOTOKU ជាគ្រូបង្គោលក្រុមជម្រើសជាតិ
នៅព្រឹកថ្ងៃ អង្គារ ទី១០ ខែមីនា ឆ្នាំ២០២៥នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ថា FFC បានប្រកាសតែងតាំងគ្រូបង្វឹកបណ្ដោះអាសន្ន លោក KOJI GYOTOKU ជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ផ្លូវការ ជាមួយនឹងកិច្ចសន្យារយៈពេល១ឆ្នាំ។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ៖
«សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសជូនអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា ឱ្យបានជ្រាបថា លោក KOJI GYOTOKU ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ ជាផ្លូវការ ដែលកុងត្រារបស់លោកមានរយៈពេល ១ឆ្នាំ»។
កាលពីពេលកន្លងទៅ លោក KOJI GYOTOKU ត្រូវបាន FFC តែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ឈុតធំ បណ្ដោះអាសន្ន បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចែកផ្លូវជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិ លោក Felix G.Dalmas កាលពីខែកញ្ញា ឆ្នាំ២០២៤។ ក្រោមការដឹកនាំរបស់លោក Koji ក្រុមដែលមានរហស្សនាមថា គោព្រៃ បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF Cup 2024 ត្រឹមវគ្គសន្សំពិន្ទុ ដោយបញ្ចប់ចំណាត់ថ្នាក់លេខ៤ ក្នុងពូល A ក្រោយឆ្លងកាត់ការប្រកួតចំនួន៤ ឈ្នះ ១ ស្មើ១ និងចាញ់២។
តែទោះបីជាធ្លាក់ក៏ពិតមែន តែអ្នកគាំទ្របានទទួលស្គាល់ពីការដឹកនាំរបស់លោក ដោយក្រុមទាំងមូលភាពរីកចំរើនច្រើនជាងមុន ពិសេសមានកីឡាករចូលសញ្ជាតិជាច្រើនរូប ដែលជួយឲ្យក្រុមភាពល្អប្រសើរច្រើនជាងមុន ទាំងតំបន់ការការពារ បម្រើ និងប្រយុទ្ធ។
ក្នុងនាមជាគ្រូបង្គោកផ្លូវការ លោក KOJI GYOTOKU នឹងដឹកនាំក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពអន្តរជាតិចំនួន២ប្រកួតក្នុងថ្ងៃ FIFA DAY ដោយប្រកួតជាមួយក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសវៀតណាម និងក្រុមជម្រើសជាតិអារូបា (Aruba) ដែលមកពីទ្វីបអាមេរិកខាងត្បូង នាថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។
គួររំលឹកថា លោក KOJI បានចាប់ផ្ដើមជាគ្រូបង្វឹករបស់សាលាបាល់ទាត់ជាតិបាទី និងក្រុមកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ ក្នុងឆ្នាំ ២០១៩។ ក្នុងអំឡុងពេលដឹកនាំ លោក 𝗞𝗼𝗷𝗶 𝗚𝘆𝗼𝘁𝗼𝗸𝘂 បានសាងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា ដោយជួយឲ្យកម្ពុជា យកឈ្នះ U18 ថៃ ក្នុងលទ្ធផល ៤-៣ និង ឈ្នះ វៀតណាម ២-១ ក្នុងពានរង្វាន់ AFF U19 Championship កាលពីឆ្នាំ២០១៩ នៅឯប្រទេសវៀតណាម។ មិនតែប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០១៩ ដដែល លោក GYOTOKU KOJI បានដឹងនាំងក្រុមជម្រើសជាតិកំម្ពុជា អាយុក្រោម ១៩ឆ្នាំ ឡើងទៅវគ្គចែកពូល នៃពានវង្វាន់ AFC U19 ASIAN CUP ក្នុងនាមជាក្រុមលេខពីរល្អ៕