ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង ខណៈភ្នំពេញក្រោន របូត ៣ពិន្ទុ ក្នុងសប្ដាហ៍ទី២៣
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំដោយគ្រូបង្វិក លោក Josep Muñoz កំពុងបន្តឈរកំពូលតារាងបណ្ដោះអាសន្ន ក្នុងសប្ដាហ៍ទី២៣ នៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ក្រោយពីប្រកួតឈ្នះ ក្រុមបាល់ទាត់បឹងកេត ក្នុងលទ្ធផល ១ទល់នឹង០ នាកីឡដ្ឋានស្វាយរៀង។
ចំណែកក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំដោយគ្រូបង្វិកសញ្ជាតិអ៊ុយក្រែន លោក Oleg Starynskyi ដែលឈរកំពូលតារាងតាំងពីដើមរដូវកាល រហូតដល់សប្ដាហ៍ទី២០ បានរបូត ៣ពិន្ទុ យ៉ាងមានសារៈសំខាន់ ក្រោយបរាជ័យក្រោមថ្វីជើងក្រុមបាល់ទាត់វិខាសា ក្នុងលទ្ធផល ២ទល់នឹង១ នាកីឡដ្ឋាន Princes។
រីឯការប្រកួតក្នុងតំបន់ Top 6 មួយគូទៀត គឺក្រុមភ្ញៀវ អង្គរថាយហ្គឺរ អេហ្វស៊ី បានលើកទ័ព្ធខ្លារបស់ខ្លួន ទៅយក ៣ពិន្ទុ ពីក្រុមម្ចាស់ផ្ទះ ណាហ្គាវើលដ៍ ដោយយកឈ្នះក្នុងលទ្ធផល ២ទល់នឹង០ នាកីឡដ្ឋាន ខេត្តកំពង់ស្ពឺ។ ក្នុងការប្រកួតនេះដែរ កីឡាករចំណូលថ្មី របស់ អង្គរថាយហ្គឺរ កីឡាករ ឃូលីបាលី អាបឌែល កាឌែរ ទទួលបានពានកីឡាករល្អប្រចាំការប្រកួតផងដែរ។
តារាងចំណាត់ថ្នាក់ក្រុមកំពូលតារាងទាំង៦៖
១ ព្រះខ័នរាជស្វាយរៀង មាន ៥៥ពិន្ទុ
២ ភ្នំពេញក្រោន មាន ៥១ពិន្ទុ
៣ វិខាសា មាន ៤៧ពិន្ទុ
៤ អង្គរថាយហ្គឺរ អេហ្វស៊ី មាន ៤០ពិន្ទុ
៥ ណាហ្គាវើលដ៍ មាន ៣៦ពិន្ទុ
៦ បឹងកេត មាន ៣០ពិន្ទុ ។
តារាងចំណាត់ថ្នាក់ក្រុមខាងក្រោមទាំង៥៖
១ អាយ អេស អាយ ដង្កោសែនជ័យ
២ កងយោធពលខេមរភូមិន្ទ
៣ ឡាហ្វ ខេត្តព្រះសីហនុ
៤ គីរីវង្សសុខសែនជ័យ
៥ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ។
គួរឱ្យដឹងផងដែរថា ការប្រកួតក្នុងដំណាក់កាលទី២ តំបន់ TOP6 (ក្រុមកំពូលតារាងទាំង៦) និង BOTTOM 5 (ក្រុមចំណាត់ខាងក្រោមទាំង៥) ទើបតែចាប់ផ្ដើមប្រកួត នៅសប្ដាហ៍ទី២៣ កាលពីថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥៕