សម្តេចតេជោ ស្នើឱ្យបញ្ចប់រឿងករណី លោកបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរណ៍តាមរបៀបឈ្នះ ឈ្នះ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន ស្នើឱ្យបញ្ចប់រឿងករណី លោក បណ្ឌិត សុខ ទូចជាមួយនគរបាលចរាចរណ៍តាមរបៀបឈ្នះ ឈ្នះនិងសហការគ្នាបន្តការងាររៀងៗខ្លួន ។ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន នេះ បន្ទាប់ពីសម្តេចមើលឃើញថាករណីនេះ បានក្លាយជាអាជីវកម្ម ដោយមិនដឹងខ្លួន។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់របស់សម្តេចនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះឱ្យដឹងថា «ករណីបណ្ឌិតសុខ ទូចជាមួយនគរបាលចរាចរបានក្លាយជាអាជីវកម្ម ដោយមិនដឹងខ្លួន។ អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូចបាន ថែមអំបឹលប្រហុកដើម្បីទាញទម្លាក់ បណ្ឌិតសុខ ទូច»។
សម្តេចតេជោ បន្តថា «ឯអ្នកមិនចូលចិត្តនគរបាលចរាចរក៏ប្រឹងថែមទឹកត្រីនិងបុីចេងដើម្បីវាយប្រហារនគរបាលចរាចរ។ តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការនេះ?គ្មានអ្នកណាចំណេញនោះឡើយតែផ្ទុយទៅវិញ គឺខាតទាំងអស់គ្នា»។
សម្តេចតជោ បន្ថែមថា «ខ្ញុំសូមបងប្អូនជនរួមជាតិក៏ដូចជាអ្នកពាក់ពន្ធ័សូមបញ្ចប់រឿងនេះត្រឹមនេះ តាមរបៀបឈ្នះ ឈ្នះនិងសហការគ្នា បន្តការងាររៀងៗខ្លួន។ សង្ឃឹមថាអ្នកថែមអំបិលប្រហុកទឹកត្រី បុីចេងបញ្ឈប់ថែមសាំងចាក់លើភ្លើង រាប់ទាំងអ្នកផ្តល់សារមកខ្ញុំវាយប្រហារ ម្ខាងៗ។បើលុបសារនោះចោលខ្លួនឯង ជាការល្អព្រោះខ្ញុំបានមើលរួចហើយ»៕