លោក Koji Gyotoku នឹងទទួលបន្ទុកដឹកនាំជម្រើសជាតិកម្ពុជា ក្នុងជំនួបមិត្តភាពអន្តរជាតិទល់វៀតណាម
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិ ជាមួយម្ចាស់ជើងឯក ASEAN Mitsubishi Electric Cup ឆ្នាំ ២០២៤ ក្រុមជម្រើសជាតិវៀតណាម នៅកីឡដ្ឋាន Go Dau ក្នុងខេត្ត Binh Duong ប្រទេសវៀតណាម។
មែនទែនទៅ សហព័ន្ធកីឡាបាល់ទាត់វៀតណាម ការអញ្ជើញកម្ពុជា ប្រកួតមិត្តភាពអន្តរជាតិ ចំថ្ងៃ FIFA Days ក្នុងបំណង ដើម្បីរៀបចំក្រុមវៀតណាម សម្រាប់ការប្រកួតវគ្គជម្រុះ Asian Cup ២០២៧ ខណៈ វៀតណាម ស្ថិនៅពូល ជាមួយនឹងនេប៉ាល់ ឡាវ និងម៉ាឡេស៊ី។
ស្របពេលដែលការប្រកួតជិតមកដល់ ក្រុមដែលមានរហស្សនាមគោព្រៃ នៅមិនទាន់មានគ្រូដឹកនាំផ្លូវការនៅឡើយ ពោលគឺបច្ចុប្បន្ន កំពុងដឹកនាំដោយគ្រូបង្វឹកបណ្ដោះអាសន្ន លោក Koji Gyotoku ដែលបន្តដឹកនាំក្រុមគោព្រៃ បន្ទាប់ពីការចាកចេញរបស់លោក Felix Delmas ខណៈអ្នកគាំទ្រ កំពុងទន្ទឹងរងចាំមើលថាតើអ្នកណានឹងក្លាយជាគ្រូបង្វឹកដឹកនាំក្រុមគោព្រៃ ក្នុងជំនួបនេះ ហើយរឹតតែចង់ដឹងថា តើអ្នកណានឹងក្លាយជាគ្រូបង្វឹកផ្លូវការណ៍។
ជុំវិញបញ្ហានេះ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា៖«លោក Koji នឹងទទួលបន្ទុកដឹកនាំកម្ពុជា ក្នុងជំនួបមិត្តភាពអន្តរជាតិទល់វៀតណាម។ ប៉ុន្តែថាតើគ្រូបង្វឹកសញ្ជាតិជប៉ុន វ័យ៥៦ឆ្នាំ នឹងបន្តដឹកនាំក្រុមឈុតធំជាអចិន្ត្រៃ ឬក៏អត់នោះនៅមិនទាន់ដឹងច្បាស់នៅឡើងទេ»។
អគ្គលេខាធិការ FFC រូបនេះ បានបញ្ជាក់បន្ថែមថា តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កំពុងស្ថិតនៅក្នុងការពិចារណានៅឡើយ ដោយលោក Koji ក៏ស្ថិតក្នុងបេក្ខភាពនេះដែរ។
គួររំលឹកថា លោក Koji បានផុតកិច្ចសន្យាក្នុងនាមជាគ្រូបង្វឹកក្រុមឈុតធំជម្រើសជាតិកម្ពុជា បណ្តោះអាសន្ន ក្រោយបញ្ចប់យុទ្ធនាការ AFF Cup 2024។ ដ្បិតតែផុតកិច្ចសន្យាសម្រាប់ក្រុមឈុតធំ ប៉ុន្តែគ្រូវ័យ ៥៦ឆ្នាំ រូបនេះ នៅតែបន្តភារកិច្ចដឹកនាំក្រុមយុវជនថ្នាលរបស់កម្ពុជា ដដែល។
ក្រោមការដឹកនាំរបស់លោក Koji ក្រុមគោព្រៃកម្ពុជា បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ាន ត្រឹមវគ្គសន្សំពិន្ទុ ដោយបញ្ចប់ចំណាត់ថ្នាក់លេខ៤ ក្នុងពូល A។ តែទោះបីជាធ្លាក់ក៏ពិតមែន តែអ្នកគាំទ្របានទទួលស្គាល់ពីការដឹកនាំរបស់លោក ដោយក្រុមទាំងមូលភាពរីកចំរើនច្រើនជាងមុន ពិសេសមានកីឡាករចូលសញ្ជាតិជាច្រើនរូប ដែលជួយឲ្យក្រុមភាពល្អប្រសើរច្រើនជាងមុន៕
ក្រៅពីជំនួបមិត្តភាពទល់វៀតណាម ក្នុងឆ្នាំ ២០២៥ នេះ ក្រុមកម្ពុជា មិនមានការប្រកួតផ្លូវការណាមួយឡើយក្នុងតារាងប្រកួតរបស់ FIFA បន្ទាប់ពីធ្លាក់ចេញពីវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២៦ និង AFC Asian Cup ឆ្នាំ ២០២៧ ក្រោមថ្វៃជើងប៉ាគីស្ថាន។
យ៉ាងណាក៏ដោយ ក្រោយប៉ាគីស្ថាន បានដកខ្លួនចេញពីការប្រកួតវគ្គជម្រុះ AFC Asian Cup ឆ្នាំ ២០២៧ ដោយសារ FIFA ដាក់ពិន័យសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន (PFF) នោះ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា អាចក្លាយជាអ្នកជំនួស ប្រសិនបើ AFC សម្រេចឱ្យមានក្រុមជំនួស៕