ស្ងាត់ៗ ព្រះខ័នរាជស្វាយរៀង នាំចូលប្រយុទ្ធថ្មី BRENO CAETANO ត្រៀមលេងក្នុងពានរង្វាន់ AFC Challenge League

កាលពីល្ងាច ថ្ងៃ សុក្រ ទី១៤ ខែកុម្ភ: ឆ្នាំ២០២៥ នេះ ក្រុមព្រះខ័នរាជស្វាយរៀង បានប្រកាសនាំចូលខ្សែប្រយុទ្ធចំណូលថ្មី សញ្ជាតិប្រេស៊ីល កីឡាករ Breno Caetano ពីក្លិប Centro Atlético Fénix នៃលីគលំដាប់ទី២ ប្រទេសអ៊ុយរូហ្គាយ។
កីឡាករសញ្ជាតិប្រេស៊ីល រូបនេះ មានវ័យ ២៧ឆ្នាំ កម្ពស់ ១.៧៧ម៉ែត្រ មានបទពិសោធច្រើននៅប្រទេសប្រេស៊ីល និងអ៊ុយរូហ្គាយ។ Breno ធ្លាប់លេងនៅក្រុម Centro Atlético Fénix នៅចន្លោះឆ្នាំ២០១៧ ដល់២០២០ ហើយបានលេងឲ្យក្លិបជាច្រើននៅប្រទេសប្រេស៊ីល ចាប់ពីឆ្នាំ២០២០ ដល់២០២៣ ហើយបាលវិលត្រឡប់ទៅក្លិប Centro Atlético Fénix វិញ ក្នុងរដូវកាល ២០២៣-២៤ មុនពេលចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង។
គួរបញ្ជាក់ថា ការនាំចូលខ្សែប្រយុទ្ធថ្មីរបស់ព្រះខ័នរាជស្វាយរៀង មិនមែនជំនួសដំណែងកីឡាករ សញ្ជាតិប្រេស៊ីល Pablo Augusto ដែលកំពុងមានបញ្ហារបួសនោះទេ តែដើម្បីពង្រឹងក្រុមកាន់តែខ្លាំងជាងមុន សម្រាប់ចូលរួមក្នុងការប្រកួតពានរង្វាន់អាស៊ីកម្រិតទី៣ AFC Challenge League។
គួរបញ្ជាក់ថា ក្នុងពានរង្វាន់ AFC Challenge League វគ្គ៨ក្រុមចុងក្រោយ ជើងទី១ ព្រះខ័នរាជស្វាយរៀង ត្រូវប៉ះជាមួយក្រុម Shan United របស់មីយ៉ាន់ម៉ា នៅថ្ងៃទី៦ ខែមីនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងជើងទី២ ថ្ងៃទី១៣ ខែមីនា នៅប្រទេសមីយ៉ាន់ម៉ា៕