ក្រុមអត្តពលិកកីឡាជិះក្ដាររំអិលកម្ពុជា ចាប់ផ្ដើមហ្វឹកហាត់ផ្លូវការ នៅថ្ងៃនេះ ត្រៀមប្រកួតកីឡារដូវរងាអាស៊ី

ក្រុមអត្តពលិកកីឡាជិះក្ដាររំអិលកម្ពុជា កាលថ្ងៃអង្គារ៍កន្លងទៅនេះ បានធ្វើដំណើរមកដល់ខេត្តហឺឡុងជាង សាធារណរដ្ឋប្រជាមានិតចិន ហើយ ដើម្បីចូលរួមប្រកួតកីឡារដូវរងាអាស៊ីក្នុងឆ្នាំ២០២៥ ដែលនឹងចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានអត្តពលិក ១២៧៥នាក់ មកពី ៣៤ប្រទេសជុំវិញពិភពលោក។
មែនទែនទៅ នេះជាលើកទីមួយហើយ សម្រាប់កម្ពុជា ក្នុងនាមប្រទេសតំបន់ត្រូពិច ប្រទេសក្ដៅ ហើយមានក្រុមកីឡាដែលបានចូលរួមកីឡារដូវរងាកម្រិតអាស៊ី ឆ្នាំនេះ។ នេះជាមោទកភាពមួយដែលកម្ពុជាយើង ជាកំណត់ត្រាលើកទី១ក្នុងប្រវត្តិសាស្ត្រ ដែលបានចូលរួមការប្រកួតកីឡាអាស៊ីរដូវរងា។
លោក អន ចិន្ត្រាសំរិត មន្ត្រីគណៈកម្មាធិការធិការជាតិអូឡាំពិកកម្ពុជា បានគូសបញ្ជាក់ថា៖ ថ្ងៃនេះ ក្រុមអត្តពលិកកម្ពុជា បានមកធ្វើដំណើរដល់ទីលានប្រកួតនៅរមណីយដ្ឋានស្គីយ៉ាពួលី ស្ថិតនៅភាគអាគ្នេយ៍ និងចំងាយ១៧៧គីឡូម៉ែត្រពីទីក្រុងម្ចាស់ផ្ទះហាពីង ខណៈដែលពួកគេនឹងត្រូវប្រកួតនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។
គួបញ្ជាក់ផងដែរថា នេះជាលើកដំបូងហើយ ក្នុងប្រវត្តិសាស្ត្រនៃកីឡាកម្ពុជា ដែលមានអត្តពលិកចូលរួមការប្រកួតកីឡារដូវរងាអាស៊ី ។ ដោយក្នុងនោះ កម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុបចំនួន ៩រូប ទៅចូលរួម៕