លោក Carlo Ancelotti និយាយថា Ronaldo ពិតជាកីឡាករដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ
គ្រូបង្វឹកក្រុមអធិរាជស Real Madrid លោក Carlo Ancelotti បាននិយាយជាសាធារណៈជាលើកដំបូងថា អតីតកីឡាកររបស់លោក គឺតារាឆ្នើម Cristiano Ronaldo គឺជាកីឡាករល្អបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់។
Ronaldo បានបង្កឱ្យមានភាពចម្រូងចម្រាសជាច្រើននៅពេលដែលគាត់បានហៅខ្លួនឯងថា ជាកីឡាករដែលល្អបំផុតគ្រប់ពេល នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតអេស្ប៉ាញ Edu Aguirre ដែលបានចេញផ្សាយកាលពីថ្ងៃទី ៤ ខែកុម្ភៈ ម្សិលមិញ។ ក្នុងសន្និសីទសារព័ត៌មាននៅល្ងាចនោះ មុនពេលដែល Real Madrid ប្រកួតជាមួយ Leganes ក្នុងវគ្គ ១/៤ នៃពានរង្វាន់ King’s Cup គ្រូបង្វឹក Ancelotti បានទទួលសំណួរស្រដៀងគ្នានេះ។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បាននិយាយថា៖ «បាទ Ronaldo គឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ គាត់បានបន្សល់ទុកនូវស្មាដៃជាច្រើន។ Ronaldo ក៏បានជួយខ្ញុំយ៉ាងច្រើនក្នុងអាជីពរបស់ខ្ញុំ នៅ Real Madrid ជាមួយនឹងគ្រាប់បាល់របស់គាត់ ដែលជួយឱ្យខ្ញុំរក្សាកៅអីគ្រូបង្វឹកបានយ៉ាងមានសុវត្តិភាព»។
Ronaldo ស៊ុតបញ្ចូលទីបាន ១១២គ្រាប់ ក្នុងការបង្ហាញខ្លួន ១០១ប្រកួត សម្រាប់ Real Madrid ក្រោមការដឹកនាំរបស់លោក Ancelotti ពីឆ្នាំ ២០១៣ ដល់ ២០១៥ ពោលគឺគិតជាមធ្យម ១.១គ្រាប់ក្នុងមួយប្រកួត ។ Ronaldo ស្ថិតនៅលេខរៀងទី៤២ ប៉ុណ្ណោះ ក្នុងបញ្ជីកីឡាករដែលលេងបានច្រើនជាងគេ ក្រោមការដឹកនាំរបស់ Ancelotti។
Carlo Ancelotti ដែលមានអាយុ ៦៥ឆ្នាំ ក៏ធ្លាប់ធ្វើការជាមួយកីឡាករល្បីៗជាច្រើនទៀត ដូចជា Kaka, Luka Modric, Paolo Maldini, Karim Benzema, Andriy Shevchenko, Robert Lewandowski, Ronaldinho, Rivaldo, Ronaldo Nazario, Thierry Henry និង Zinedine Zidane ជាដើម។ អាជីពជាគ្រូបង្វឹករបស់លោក ទទួលជោគជ័យយ៉ាងខ្លាំង ដោយឈ្នះពាន Champions League ៥ដង៕