CPL៖ ភ្នំពេញក្រោន ស្គាល់បរាជ័យលើកដំបូង ក្រោមថ្វីជើង ព្រះខ័នរាជស្វាយរៀង
បន្ទាប់ពីឈរកំពូលតារាង១៨សប្ដាហ៍ នៅទីបំផុត! ក្រុមខ្លាំងភ្នំពេញក្រោន ស្គាល់បរាជ័យលើកដំបូង ក្រោមថ្វីជើងក្រុមម្ចាស់ការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតជើងឯកខេមបូឌានព្រីមៀរលីគ (CPL) សប្តាហ៍ទី១៩ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ នាកីឡដ្ឋានស្វាយរៀង។
បន្ទាប់ពីសម្រុកគ្នាទៅមកពេញ៩០នាទី ក្រុមម្ចាស់ផ្ទះស្វាយរៀង បានស៊ុតបញ្ជូលទីចំនួន៣គ្រាប់ ដោយកីឡាករ៣នាក់ផ្សេងគ្នា ពោលគឺរកបានដោយកីឡាករ ញាណ សុស៊ីដាន, GABRIEL SILVA និង PABLO AUGUSTO ខណៈភ្នំពេញក្រោន រកបានមួយគ្រាប់ពីសំណាក់កីឡាករ JOOST GOSELINK។ មែនទែនទៅ នេះគឺជាបរាជ័យលើកដំបូងហើយ សម្រាប់ភ្នំពេញក្រោន ក្នុងរដូវកាលនេះ បន្ទាប់ពីលេងមិនចាញ់ ១៦ប្រកួតជាប់ៗគ្នា។
គិតត្រឹមសប្ដាហ៍ទី១៩នេះ ឃើញថា ក្រុមភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បន្តឈរកំពូលតារាង មាន ៤៤ពិន្ទុ ខណៈក្រុមព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz ឈរនៅលេខ២ មាន៤៣ពិន្ទុ។
គួរបញ្ជាក់ថា នៅសប្ដាហ៍ក្រោយ ក្រុមព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុមកំពុងឡើងជើង អង្គរថាយហ្គឺរ នៅ Akihiro Kato Stadium ខណៈ ភ្នំពេញក្រោន ក៏នឹងធ្វើដំណើរទៅសួរសុខទុក្ខ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ នៅកីឡដ្ឋាន AIA Stadium, KMH Park ៕