ឯកឧត្តម ខូវ ឆាយ ជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិថ្មី
កាលពីថ្ងៃ ពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះ សហព័ន្ធកីឡានប្រដាល់គុនខ្មែរ បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៧ (២០២១-២០២៥) ដើម្បីជ្រើសរើសប្រធាន និងគណៈកម្មការប្រតិបត្តិថ្មី អាណត្តិទី៨ (២០២៥-២០២៩)។
ជាលទ្ធផល បេក្ខភាពឈរឈ្មោះមាន១៩នាក់ ហើយសមាជិកប្រតិបត្តិដែលមានសិទ្ធបោះឆ្នោតមាន ៣៣នាក់ ក្នុងនោះមាន ៣២នាក់ បោះឆ្នោតព្រមឲ្យឯកឧត្តម ខូវ ឆាយ បន្តជាប្រធានសហព័ន្ធគុនខ្មែរ ខណ:មានតែម្នាក់ប៉ុណ្ណោះមិនព្រម។
គួររំលឹកថា លោក ខូវ ឆាយ ត្រូវបានតែងតាំងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ពោលគឺមួយឆ្នាំចុងក្រោយនៃអាណត្តិទី៧ ហើយហាក់យល់ច្បាស់ពីស្ថានភាពប្រដាល់គុនខ្មែរស្របតាមនិន្នាការគាំទ្រពេញនិយមតាមបណ្តាញសង្គម។ លោកបាននាំគុនខ្មែរទៅកាន់ក្រៅប្រទេសជាច្រើន និងបានគៀរគរមូលនិធិ ដើម្បីជួយដល់ក្លិបខ្វះ និងបានចេញមុខបកស្រាយ ដោះស្រាយភ្លាមៗរាល់បញ្ហា និងសម្របសម្រួលឲ្យកីឡាករ ទទួលបានឱកាសឡើងប្រកួត ផងដែរ។
គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៦មក ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានចំនួន ៤រូប ដែលរួមមាន៖ លោកព្រឹទ្ធាចារ្យ ព្រំ ភិច កាន់តំណែងនៅអាណត្តិទី១ (ឆ្នាំ១៩៩៦-២០០០), ឧកញ៉ា អ៊ុំ យូរ៉ាន់ កាន់តំណែងបាន២ អាណត្តិ ពីឆ្នាំ ២០០០-២០០៨, លោក តែម ម៉ឺន កាន់តំណែងបាន៤ អាណត្តិ ពីឆ្នាំ២០០៨-២០២៥ និងលោក ខូវ ឆាយ បន្តអាណត្តិទី៧ ពីឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ន៕