ក្រោយលេងមិនឈ្នះសោះ ១៧ប្រកួតជាប់គ្នា ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ សម្រេចតែងតាំងគ្រូបង្វឹកថ្មី ជនជាតិសិង្ហបុរី
បន្ទាប់ពីខកចិត្តនឹងលទ្ធផលនៃការប្រកួតលីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ (CPL) ដោយមិនទាន់ស្គាល់ជ័យជំនះទាល់តែសោះនៅ ១៧ប្រកួតដំបូង ពេលនេះ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ សម្រេចតែងតាំងគ្រូបង្វឹកថ្មី ជនជាតិសិង្ហបុរី ដែលមានបទពិសោធន៍ជាច្រើនក្នុងវិស័យបាល់ទាត់។
ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ៖
“ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ សូមប្រកាសជាផ្លូវការថា ក្លិបបានចុះកិច្ចសន្យាជាមួយនឹងលោកគ្រូ SATYASAGARA សញ្ជាតិសិង្ហបុរី ជាគ្រូបង្គោលនារដូវកាល ២០២៤-២០២៥នេះ។ រូបគាត់ក៏មានបទពិសោធន៍ជាច្រើនក្នុងវិស័យបាល់ទាត់ ដែលគាត់ធ្លាប់ដឹកនាំក្រុម ដូចជា៖ Young Elephants FC (ឈ្នះជើងឯកលីគកំពូលឡាវ២រដូវកាល និងឡាវខាប់), Chennai City FC, Singapore National Team (Women), Hougang United FC, Gombak United FC និង Singapore(u15)។ រង់ចាំមើលថាលោកគ្រូ និងនាំយកក្បួនលេងអ្វីខ្លះក្នុងជុំទី២នេះ”។
ជាមួយគ្នានេះ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ក៏បានអតីតគ្រូបង្វឹករបស់ពួកគេ លោក សាប៊ូន វិនតា ត្រូវបានផ្លាស់ប្តូរតួនាទីថ្មីជា នាយកបច្ចេកទេស វិញម្ដង។
គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី១៧ ក្រុមភ្នំពេញក្រោន កំពុងឈរកំពូលតារាង មាន ៤៤ពិន្ទុ តាមពីក្រោយដោយ ព្រះខ័នរាជស្វាយរៀង មាន ៤០ពិន្ទុ និងវិសាខា ឈរលេខ៣ មាន ៣៨ពិន្ទុ។ ចំណែក ក្រុមបាល់ទាត់គីរីវង្សសុខសែនជ័យ ជាក្រុមតែមួយគត់នៅលីគកំពូលកម្ពុជា ដែលមិនទាន់ស្គាល់ជ័យជំនះទាល់តែសោះ ដោយកំពុងឈរបាតតារាង ក្រោយចាញ់ ១៥ និងស្មើ២ មាន ២ពិន្ទុគត់៕