Close

ចាន់ វឌ្ឍនាកា របួសដាច់សរសៃ ACL និងបែកទ្រនាប់ឆ្អឹងខ្ចីជង្គង់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ កីឡា
ចាន់ វឌ្ឍនាកា របួសដាច់សរសៃ ACL និងបែកទ្រនាប់ឆ្អឹងខ្ចីជង្គង់ ចាន់ វឌ្ឍនាកា របួសដាច់សរសៃ ACL និងបែកទ្រនាប់ឆ្អឹងខ្ចីជង្គង់

កាលពីម្សិលមិញនេះ ក្លិបបាល់ទាត់បឹងកេត បានប្រកាសថា អតីតខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បានរងរបួសដាច់សរសៃ ACL និងបែកទ្រនាប់ឆ្អឹងខ្ចីជង្គង់ អំឡុងការប្រកួតរបស់បឹងកេត ជាមួយក្រុមខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០២៤-២៥។

សេចក្ដីប្រកាសរបស់ក្លិបបាល់ទាត់បឹងកេត៖
ក្លិបកីឡាបាល់ទាត់បឹងកេត ពិតជាសោកស្ដាយ បន្ទាប់ពីទទួលបានលទ្ធផលស្គែន MRI ជង្គង់ខាងឆ្វេងរបស់កីឡាករ ចាន់ វឌ្ឍនាកា នៅថ្ងៃនេះ ដែលបង្ហាញថា ACL ជង្គង់ឆ្វេងរបស់ វឌ្ឍនាកា បានដាច់ ហើយទ្រនាប់ឆ្អឹងខ្ចីជង្គង់របស់គេបានបែក បន្ទាប់ពីបានរងរបួសអំឡុងការប្រកួតទល់នឹង ក្រុមខេត្តកំពង់ចាម ម្សិលមិញ ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន២០២៤-២៥។ ក្លិបសូមជូនពរ វឌ្ឍនាកា ឆាប់បានជាសះស្បើយ។

ចាន់ វឌ្ឍនាកា របួសដាច់សរសៃ ACL និងបែកទ្រនាប់ឆ្អឹងខ្ចីជង្គង់

ជាមួយគ្នានេះ កីឡាករ ចាន់ វឌ្ឍនាកា ក៏បានសរសេរនៅលើទំព័រហ្វេសប៊ុក ផ្លូវការណ៍របស់ខ្លួនថា៖ « ជម្រាប ពុកម៉ែ អុំពូមីង យាយតា បងប្អូនទាំងអស់គ្នា គ្រប់យ៉ាងគឺត្រូវតែទទួលយកទោះជាលទ្ធផលបែបណាក៏ដោយ ខ្ញុំត្រូវទទួលបាននៅលទ្ធផលដល់អាក្រក់មួយគឺរងការដាច់សសៃពួរជង្គង់ខាងឆ្វេង (ACL) និង ការដាច់បែកទ្រនាប់ឆ្អឹងខ្ចីជង្គង់ (meniscus) សូមបញ្ចាក់ផងដែថា របួសនេះ មិនមែនជារបួសចាស់ដែលកើតឡើងកាលពីឆ្នាំ២០២២នោះទេ គឺវាបានកើតឡើងនៅជើងខាងឆ្វេងវិញម្ដង អរគុណគ្រប់គ្នានៅការបារម្ភ និង ជូនពរមកកាន់ខ្ញុំ គ្រប់យ៉ាងគឺរង់ចាំការប្រជុំដើម្បីសម្រេចធ្វើតាមក្រុមគ្រូពេទ្យជំនាញ»

គួររំលឹកថា ចាន់ វឌ្ឍនាកា បានវិលត្រឡប់មកកាន់ទីលានវិញ កាលពីខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីបានរបូស ACL ជង្គង់ខាងស្តាំក្នុងជំនួបរវាង បឹងកេត ជាមួយ វិសាខា ក្នុងពានរង្វាន់ Prince Beer Pre-season Cup កាលពីខែមករា ឆ្នាំ ២០២២ នៅកីឡដ្ឋានព្រីនស៍។

អតីតជើងខ្លាំងរបស់កម្ពុជារូបនេះ បានសម្រាកព្យាបាលរយៈពេលជាង១ឆ្នាំ ទើបបានចូលប្រកួតវិញនាមជាកីឡាករផ្លាស់ប្ដូរចូល នៅនាទី៦២ ពេលបឹងកេត ប្រកួត ក្រសួងការពារជាតិ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។ ទោះបីជាយ៉ាងណាក៏ដោយ ការវិលត្រឡប់មកកាន់ទីលានវិញ រូបគេមិនសូវបានបង្ហាញខ្លួនញឹកញាប់ទេ។ ម្តងម្កាល រូបគេត្រូវបានប្តូរចូលក្នុងវគ្គទី២ ប៉ុន្តែត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់លោក Felix Dalmas ក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយហុងកុង ហើយបានខកខានឱកាសរកគ្រាប់បាល់ប៉េណាល់ទី ១គ្រាប់ផងដែរ ក្នុងការប្រកួតនោះ៕

ចាន់ វឌ្ឍនាកា របួសដាច់សរសៃ ACL និងបែកទ្រនាប់ឆ្អឹងខ្ចីជង្គង់