ក្លិបបាល់ទាត់បឹងកេត ប្រកាសតែងតាំងលោក Conor Nestor ជាគ្រូបង្វឹកថ្មី
(បាល់ទាត់)៖ កាលពីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ ក្លិបបាល់ទាត់បឹងកេត បានប្រកាសតែងតាំងអតីតគ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង លោក Conor Nestor ជាគ្រូបង្វឹកថ្មីរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមផ្សេងៗ នៅលីគកំពូលកម្ពុជា ក្នុងរដូវកាល ២០២៤-២៥។
លោក Conor Nestor កើតនៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៨៤ ប្រទេសអៀរឡង់ បច្ចុប្បន្នមានវ័យ ៤០ឆ្នាំ កាន់សញ្ញាប័ត្រ UEFA A-License ធ្លាប់ដឹកនាំក្រុម ព្រះខ័នរាជស្វាយរៀង ពីឆ្នាំ២០១៨ ដល់ ២០២៣ បន្ទាប់មកលោក ដឹកនាំក្រុមHyderabad សមាជិកលីគកំពូលឥណ្ឌា និងជាជំនួយការក្រុម Selangor សមាជិកលីគកំពូលម៉ាឡេស៊ី។
គួររំលឹកថា អំឡុងពេលដឹកនាំក្រុមនៅកម្ពុជា ជាមួយក្រុមព្រះខ័នរាជស្វាយរៀង រដូវកាលដំបូង លោកបានត្រឹមនាំក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ៦។ លុះចូលដល់ឆ្នាំបន្ទាប់ ពោលគឺឆ្នាំ២០១៩ អ្វីៗប្រែប្រួលទាំងស្រុង លោកបាននាំក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង ឈ្នះជើងឯកលីគកំពូលកម្ពុជា និងបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ប៉ុន្តែបានត្រឹមរងជើងឯក។សមិទ្ធផលផ្សេងៗទៀតរបស់លោករួមមានដូចជា ឆ្នាំ២០១៨ បានលេខ៦, ២០១៩ ឈ្នះជើងឯកលីគ, ២០២០ រងជើងឯក, ២០២១ រងជើងឯក, ២០២២ លេខ៣។
ដោយឡែកក្នុងពានសម្តេចតេជោ ហ៊ុន សែន រដូវកាលដំបូង វគ្គ ៨ក្រុមចុងក្រោយ, ២០១៩ ជើងឯករង, ២០២០ វគ្គ ៨ក្រុមចុងក្រោយ, ២០២១ ជើងឯករង, ២០២២ វគ្គ ៨ក្រុមចុងក្រោយ ក្រៅពីនេះលោកគ៏ធ្លាប់បានឈ្នះពានឯកត្តជន គ្រូល្អជាងគេប្រចាំឆ្នាំ២០១៩ នៃលីគកំពូលកម្ពុជា ផងដែរ៕