Close

ក្រសួងរៀបចំដែនដី រៀបចំទីតាំងដីសម្បទានសង្គមកិច្ចមានទំហំ ៣០០ ហិកតា នៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងរៀបចំដែនដី រៀបចំទីតាំងដីសម្បទានសង្គមកិច្ចមានទំហំ ៣០០ ហិកតា នៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ក្រសួងរៀបចំដែនដី រៀបចំទីតាំងដីសម្បទានសង្គមកិច្ចមានទំហំ ៣០០ ហិកតា នៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម

ស្វាយរៀង ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម  និងសំណង់  បានអញ្ជើញចុះពិនិត្យរៀបចំទីតាំងដីសម្បទានសង្គមកិច្ចមានទំហំ ៣០០ ហិកតា នៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម  ស្ថិតនៅឃុំចន្ទ្រា  ស្រុកចន្ទ្រា និងឃុំត្នោត  ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងដើម្បីរៀបចំសង់លំនៅឋានចំនួន ១០០ ខ្នង សម្រាប់ផ្តល់ជូនដល់គ្រួសារយោធិន  នគរបាល  និវត្តជន  គ្រួសារពលី មរណៈ  និងគ្រួសារទីទ័លក្រ។

ការអញ្ជើញចុះពិនិត្យរៀបចំទីតាំងដីសម្បទានសង្គមកិច្ចរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើង កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣នេះ ដោយចូលរួមអាមដំណើរដោយ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកព្រឹទ្ធសភា ឯកឧត្ដមទេសរដ្ឋមន្ត្រី ឯកឧត្ដមរដ្ឋមន្ត្រីក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម  និងសំណង់  ឯកឧត្ដមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពក្នុងខេត្ត តំណាងកងកម្លាំងទាំងបី លោកអភិបាលស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ កងកម្លាំងនិងសមត្ថកិច្ចដែលឈរជើងនៅតំបន់ព្រំដែន មេឃុំ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជំរុញដល់ក្រសួងស្ថាប័ន  អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យនិងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាផ្លូវ ទឹក ស្អាតសម្រាប់ប្រើប្រាស់ភ្លើងអគ្គីសនីជាដើម មកកាន់តំបន់នេះ ក្នុងនោះការសាងសង់សំណង់លំនៅដ្ឋានត្រូវធានានូវគុណភាពតាមលក្ខណៈបច្ចេកទេស។

យោងតាមរបាយការណ៍បានឲ្យដឹងថា កន្លងមកខេត្តស្វាយរៀងបានអនុវត្តគម្រោងដីសម្បទានសង្គមកិច្ចបានចំនួនពីរទីតាំងហើយដែលក្នុងនោះមានគម្រោងចាស់មួយមានទីតាំងស្ថិតនៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក មានក្រឡាផ្ទៃ ១៥៣ ហិកតា ៦៥អា ដោយបានបែងចែកផ្ទៃដីលំនៅឋានទំហំ ៤០ ម៉ែត្រគុណនឹង ៥០ ម៉ែត្រក្នុងមួយគ្រួសារជូនប្រជាពលរដ្ឋ ៤០០ គ្រួសារដែលចេញពីអតីតកងកម្លាំងប្រដាប់អាវុធចំនួន ៣៣១ គ្រួសារ និងចេញពីគ្រួសារកងទ័ពនិងនគរបាលជាតិចំនួន ៦៩ គ្រួសារ និងបានស្ថាបនាផ្លូវប្រវែង ១០ គីឡូម៉ែត្រ ៤០០ ម៉ែត្រ សាងសង់លូកាត់ផ្លូវចំនួន ២០ កន្លែង ដាក់បង្គោលភ្លើងនិងតភ្ជាប់បណ្ដាញអគ្គិសនីចូលផ្ទះប្រជាពលរដ្ឋបានចំនួន ៤០០ ខ្នងផ្ទះ បានជីកអណ្ដូងស្នប់ចំនួន ៣៤ អណ្ដូង និងធ្វើបង្គន់អនាម័យចំនួន ១៨០ បង្គន់។

ដោយឡែកចំពោះគម្រោងថ្មីដែលខេត្តស្វាយរៀងទើបទទួលបានតាមរយៈលិខិតសជណ លេខ ១៩៤ ចុះថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២៣ ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រើប្រាស់ដីតាមបណ្ដោយព្រំដែន បន្ទាប់ពីបានបោះបង្គោលខណ្ឌសីមាព្រំដែនរវាងខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងខេត្តឡុងអាន និងខេត្តតៃនិញនៃប្រទេសវៀតណាម ដែលមានផ្ទៃដីសរុប ៦៥៣ ហិកតា ២៥ អា សម្រាប់អនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចជូនគ្រួសារកងទ័ព នគរបាលជាតិឈរជើងតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាម អតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រទូទៅ។

ក្នុងជំហានទីមួយនេះ រដ្ឋបាលខេត្តស្វាយរៀងបានកំណត់យកផ្ទៃដីទំហំ ៣០០ហិកតា 8អា ដើម្បីអនុវត្តនៅក្នុងស្រុកកំពង់រោទិ៍និងស្រុកចន្ទ្រា ដោយបែងចែកជាតំបន់លំនៅឋាននៅចន្លោះបង្គោលព្រំដែនលេខ ២០០ ចាប់ពីចំណុចស្រុកចន្ទ្រា រហូតដល់បង្គោលព្រំដែនលេខ 202/2 ក្នុងនោះបានបែងចែកដីឡូលំនៅដ្ឋានជូនប្រជាពលរដ្ឋបាន ១២៣៦ ឡូ និងបែងចែកជាហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យតំបន់រដ្ឋបាលសាធារណៈដូចជា ផ្សារ សាលារៀន វត្តអារាម ដីរួមភូមិ ប៉ុស្តិ៍ការពារព្រំដែនទាំងខាងកងទ័ពនិងនគរបាលជាតិ ក្នុងនោះក៏មានរៀបចំដីសមាគមនារីចំនួន ៣ ហិកតា និងដីផ្សារចំនួន ៣ ហិកតា ២៩អា និងមានរៀបចំជាសួនសាធារណៈបង្កើនភាពបៃតង និងដីការិយាល័យទី ២ កងទ័ពជើងគោក ៥ ហិកតា។ សម្រាប់ដីលំនៅឋានជូនប្រជាពលរដ្ឋរស់នៅក្នុងមួយគ្រួសារគឺមានទំហំ ៣០ ម៉ែត្រគុណនឹង ៤០ ម៉ែត្រ។

ឯកឧត្តម  ម៉ែន  វិបុល  អភិបាលខេត្តស្វាយរៀងមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ  និងប៉ិនប្រសព្វ សម្តេចតែងតែគិតគូរ និងយកចិត្តខ្ពស់ចំពោះការរស់នៅរបស់គ្រួសារយោធិន  នគរបាល  និវត្តជនគ្រួសារពលី  មរណៈ និងគ្រួសារទីទ័លក្រឲ្យមានលំនៅដ្ឋានសមរម្យ និងមានជីវភាពល្អប្រសើរ៕

អត្ថបទទាក់ទង