កម្ពុជា បញ្ចេញបញ្ជីឈ្មោះកីឡាករទាំង ២៣នាក់ចុងក្រោយ បោះជំរំហ្វឹកហាត់នៅប្រទេសកាតា ត្រៀមការប្រកួត AFF Cup 2024

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ថា FFC នៅព្រឹកថ្ងៃ អង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញបញ្ជីឈ្មោះកីឡាករ២៣នាក់ចុងក្រោយ ដើម្បីត្រៀមចូលរួមប្រមូលផ្តុំហ្វឹកហាត់ ត្រៀមការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 (AFF Cup 2024)។
ក្នុងចំណោមកីឡាករទាំងនោះ គេសង្កេតឃើញថា ក្លិបព្រះខ័នរាជស្វាយរៀង មានកីឡាករច្រើនជាងគេ ពោលគឺមានរហូតដល់៨នាក់ ខណៈភ្នំពេញក្រោន មានកីឡាករ ៦នាក់, វិសាខា ៤នាក់, បឹងកេត ២នាក់, ណាហ្គាវើលដ៍ ២នាក់ និងអង្គរថាយហ្គឺរ ចំនួន១នាក់។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ ក្នុងការប្រមូលផ្ដុំលើកនេះ កីឡាករចាស់វស្សាររហស្សនាមផ្ការីកគ្រប់រដូវ សុះ ស៊ូហាណា នៅតែរីកដូចឈ្មោះ ដោយបន្តជាប់ជម្រើសជាតិ ក្នុងការប្រមូលផ្ដុំនេះ។ យ៉ាងណាអ្នកចាំទី ហ៊ុល គីមហ៊ុយ ដែលតែងតែជាប់ជម្រើសជាតិរហូតតាំងពីយុវជនមួយរយៈចុងក្រោយនេះ មិនត្រូវបានជ្រើសរើសនោះទេ ជំនួសតំណែងដោយអ្នកចាំទី សាវែង សំណាង របស់ភ្នំពេញក្រោន។
ចំណែកកីឡាករវ័យក្មេងដែលបាត់មុខមួយរយៈពេលចុងក្រោយនេះ ដូចជា គី រីណា , ឡេង ណូរ៉ា និង សរ រតនា ក៏មានឈ្មោះដែរ ក្នុងបញ្ជីកោះហៅរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើកនេះ។
ខាងក្រោមនេះ ជាសមាសភាពនៃក្រុមជម្រើសជាតិកម្ពុជា ចូលរួមបោះជំរំហ្វឹកហាត់នៅប្រទេសកាតា៖
-គី រីណា ក្លិបបាល់ទាត់អង្គរថាយហ្គឺរ
-លឹម ពិសុទ្ធ ក្លិបបាល់ទាត់ភ្នំពេញក្រោន
-វីរៈ ដារ៉ា ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
-សៀង ចន្ធា ក្លិបបាល់ទាត់បឹងកេត
-ញាណ សុស៊ីដាន ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
-កាន់ ម៉ូ ក្លិបបាល់ទាត់វិសាខា
-តាំង ប៊ុនឆៃ ក្លិបបាល់ទាត់បឹងកេត
-មីហ្ស៊ូណូ ហ៊ីការ៉ុ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
-សារ ទី ក្លិបបាល់ទាត់វិសាខា
-យូឌែ អូការ៉ា ក្លិបបាល់ទាត់ភ្នំពេញក្រោន
-សឿយ វិសាល ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
-ឡេង ណូរ៉ា ក្លិបបាល់ទាត់វិសាខា
-អ៊ន ចាន់ប៉ូលីន ក្លិបបាល់ទាត់ភ្នំពេញក្រោន
-សារ៉េត គ្រីយ៉ា ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
-ស រតនា ក្លឹបបាល់ទាត់វិសាខា
-សាវែង សំណាង ក្លិបបាល់ទាត់ភ្នំពេញក្រោន
-ចេឡរ នីកូឡាស់ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
-សុះ ស៊ូហាណា ក្លិបបាល់ទាត់ណាហ្គាវើលដ៏
-សឿត បារាំង ក្លិបបាល់ទាត់ភ្នំពេញក្រោន
-គឹម សុខយុទ្ធ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
-រ៉េត រ៉េត លី លី ហេង ក្លិបបាល់ទាត់ណាហ្គាវើលដ៏
-យើ ម៉ូស្លីម ក្លិបបាល់ទាត់ភ្នំពេញក្រោន
-មិន រតនៈ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង។
បើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក លោកគ្រូ Gyotoku នឹងបោះជំរុំហ្វឹកហាត់នៅប្រទេសកាតា រយៈពេល ៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា សម្រាប់ពានរង្វាន់ AFF Cup 2024 នឹងចាប់ផ្ដើមពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥ ដោយមានក្រុមចំនួន ១០ ចែកចេញជាពីរពូល(A និង B) ខណៈកម្ពុជា ស្ថិតនៅពូល A ជាមួយថៃ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រ ៕