សោកស្ដាយផង! កម្ពុជា ហាលអាវត្រឹមវគ្គជម្រុះក្នុងពូល ពានរង្វាន់ AFC U17 Asian Cup 2025
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៧ឆ្នាំ (U17) អស់ឱកាសឡើងទៅវគ្គបន្តហើយ បន្ទាប់ពីចាញ់ ហ្វីលីពីន ០-២ ធ្វើឲ្យកម្ពុជា ធ្លាក់ទៅលេខ៤ក្នុងពូល B ពានរង្វាន់ AFC U17 Asian Cup ឆ្នាំ២០២៥។
កាលពីម្សិលមិញនេះ ក្រុមគោជំទង់កម្ពុជា ហាក់ធ្វើមិនបានល្អទាល់តែសោះ បើប្រៀបធៀបនឹង៣ប្រកួតមុន។ដោយនេះ ជាប្រកួតដំបូងហើយ ដែលកម្ពុជា មិនអាចរកគ្រាប់បាល់បាននៅ AFC U17 Asian Cup ឆ្នាំ២០២៥។
ក្នុងប្រកួតបើកឆាក ក្រុមជម្រើសជាតិកម្ពុជា បានឈ្នះ លើក្រុមបង់ក្លាដេស ក្នុងលទ្ធផល ១-០ និងបន្តយកឈ្នះ ក្រុមជម្រើសជាតិម៉ាកាវ ក្នុងលទ្ធផល ១-០ មុនពេលចាញ់ ក្រុមអាហ្វហ្គានីស្ថាន ក្នុងលទ្ធផល ៣-១ និង ហ្វីលីពីន ២-០។
ក្រោយបញ្ចប់ការប្រកួតក្នុងពូល B អាហ្វហ្គានីស្ថាន ឈរកំពូលតារាងមាន ១២ពិន្ទុ, បង់ក្លាដេស ឈរលេខ២ ហ្វីលីពីន ឈរលេខ៣ និងកម្ពុជា ឈរលេខ៤ មាន ៦ពិន្ទុស្មើគ្នា ខណៈ ម៉ាកាវ ឈរបាតតារាង។ដូច្នេះ ក្នុងពូល B នេះ មានតែក្រុមអាហ្វហ្គានីស្ថាន មួយគត់ឡើងទៅវគ្គបន្ត ខណៈបង់ក្លាដេស ដែលជាក្រុមឈរលេខ២ ក៏អស់ឱកាសអ៊ុតក្រុមលេខ២ល្អដូចគ្នា
គួរបញ្ជាក់ថា កម្ពុជា ទទួលសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតវគ្គជម្រុះនៃពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers Group B ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤។ ក្នុងនោះ ម្ចាស់ផ្ទះ កម្ពុជា ស្ថិតនៅពូល B ជាមួយ អាហ្វហ្គានីស្ថាន, ហ្វីលីពីន, បង់ក្លាដេស និង ម៉ាកាវ៕