Close

ឯឧត្តម គួច ចំរើន ៖ ជប៉ុនបានជួយអភិវឌ្ឍសាលារៀនចំនួន ២៥ នៅក្នុងខេត្តព្រះសីហនុ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ឯឧត្តម គួច ចំរើន ៖ ជប៉ុនបានជួយអភិវឌ្ឍសាលារៀនចំនួន ២៥ នៅក្នុងខេត្តព្រះសីហនុ ឯឧត្តម គួច ចំរើន ៖ ជប៉ុនបានជួយអភិវឌ្ឍសាលារៀនចំនួន ២៥ នៅក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានលើកឡើងថា រដ្ឋាភិបាល និងប្រជាជនជប៉ុនបានចូលរួមចំណែកក្នុងការជួយអភិវឌ្ឍសង្គមកម្ពុជាមានដូចជា ហេដ្ឋារចនាសម្ព័ន សាលារៀន ហើយក្នុងនោះមានសាលារៀនចំនួន ២៥ សាងសង់នៅក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងបែបនេះនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ឯកអគ្គរដ្ឋទូតជប៉ុន និងសហការី ដែលបានមកទស្សនកិច្ចខេត្តព្រះសីហនុ នាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជនខេត្តព្រះសីហនុ ក៏ដូចប្រជាជនជប៉ុនរស់នៅខេត្តព្រះសីហនុ ម្យ៉ាងទៀតការបង្កើតទំនាក់ទំនងកម្ពុជា ជប៉ុន បានជួយជ្រុមជ្រែងការងារសន្តិសុខ និងការងារអភិវឌ្ឍ ហើយរាល់ជំនួយជប៉ុនមិនមានការភ័យក្លាច ជប៉ុនបានជួយបណ្តុះបណ្តាលធនធានមនុស្ស និងជំនាញផ្សេងៗដល់មន្ត្រីរាជការ និងប្រជាជនកម្ពុជា ហើយជប៉ុនបានជួយកម្ពុជាយ៉ាងច្រើននាពេលកន្លងមក។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ជប៉ុន ជាប្រទេសឈានមុខគេដែលបានគាំទ្រកម្ពុជានាពេលកន្លងមក និងមកដល់បច្ចុប្បន្ន។ ការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទទួលបានសន្តិភាព ក៏មានចំណែកជប៉ុន បានចូលរួមក្នុងសកម្មភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលមានកងទ័ព និងអ្នកស្ម័គ្រចិត្តជប៉ុនបានមកពេញបេសកកម្មនៅកម្ពុជា និងទទួលមរណភាពនៅកម្ពុជាផងដែរ។ ជប៉ុនបានជួយអភិវឌ្ឍសង្គមកម្ពុជាមានដូចជា ហេដ្ឋារចនាសម្ព័ន សាលារៀន ក្នុងនោះមានសាលារៀនចំនួន ២៥សាងសង់នៅក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត បានអនុញ្ញាតឱ្យប្រតិភូរបស់លោកបានចូលជួបសម្តែងការគួសម និងពិភាក្សាការងារនាពេលនេះ កម្ពុជាមានវប្បធម៌ដ៏ល្អសម្បុរបែប ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរជប៉ុន កម្ពុជាមានភាពល្អប្រសើរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្តថា ក៏បានធ្វើការកោតសរសើរនិងវាយតម្លៃចំពោះការខិតខំដឹកនាំ អភិវឌ្ឍខេត្តព្រះសីហនុ មានការរីកចម្រើនលើគ្រប់វិស័យ ហើយនេះជាលើកទី១ ដែលឯកឧត្តមបានមកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជប៉ុន កម្ពុជា ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច រដ្ឋាភិបាលជប៉ុនមិនត្រឹមផ្តល់ជំនួយមកដល់កម្ពុជានោះទេ គឺជាការជួយគ្នាទៅវិញទៅមកផ្នែកកិច្ចសហប្រតិបត្តិការដោះមីន ជួយបណ្តុះបណ្តាលអ្នកដោះមីនកម្ពុជា និងក្លាយជាដៃគូរឆ្លើយតបទៅនឹងអន្តរជាតិ។

ចំពោះទំនាក់ទំនងសេដ្ចកិច្ចរវាងប្រទេសជប៉ុន និងកំពង់ផែក្រុងព្រះសីហនុ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងគាំទ្រដល់ខេត្តព្រះសីហនុ មានវិស័យអប់រំ សុខាភិបាល ហើយថ្មីៗនេះបានផ្តល់រថយន្តពន្លត់អគ្គិភ័យ ជណ្តើរវែងមករដ្ឋបាលខេត្ត ទន្ទឹមនោះក៏មានទំនាក់ទំនងធុរកិច្ចជាច្រើនដែលកំពុងកើតមាននាពេលបច្ចុប្បន្ន ហើយភាពជោគជ័យនៃក្រុមហ៊ុនផ្សារ AEON កំពុងសាងសង់ឃ្លាំងនៅតំបន់សេដ្ឋកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ឯកឧត្តមបានបញ្ចាក់ថា និងនាំយកអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជា ពិសេសមកខេត្តព្រះសីហនុ និងនៅមានវិស័យជាច្រើនទៀត។ រាជរដ្ឋាភិបាលជប៉ុន មិនត្រឹមតែមានទំនាក់ទំនងសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការល្អប៉ុណ្ណោះទេ ព្រមទាំងមានទំនាក់ទំនងជាមួយវិស័យការពារជាតិ ដែលមាននាវាកងស្វ័យការពារជប៉ុនបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ២លើកនៅឆ្នាំ២០២២ ហើយនៅឆ្នាំ២០២៣នេះ ក៏មានគម្រោងចូលចតរបស់នាវាកងស្វ័យការពារជប៉ុននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ៕

អត្ថបទទាក់ទង