Close

អូស្ត្រាលី​ បញ្ជាឲ្យ Twitter, Google និង TikTok ផ្តល់ព័ត៌មានស្តីពីការដោះស្រាយការរំលោភបំពានលើកុមារតាមអ៊ីនធឺណិត

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បច្ចេកវិទ្យា
អូស្ត្រាលី​ បញ្ជាឲ្យ Twitter, Google និង TikTok ផ្តល់ព័ត៌មានស្តីពីការដោះស្រាយការរំលោភបំពានលើកុមារតាមអ៊ីនធឺណិត អូស្ត្រាលី​ បញ្ជាឲ្យ Twitter, Google និង TikTok ផ្តល់ព័ត៌មានស្តីពីការដោះស្រាយការរំលោភបំពានលើកុមារតាមអ៊ីនធឺណិត

បរទេស​ ៖ និយ័តករអូស្ត្រាលីបានផ្ញើលិខិតផ្លូវច្បាប់ទៅកាន់ក្រុមហ៊ុន Twitter និង Google ដោយប្រាប់ពួកគេឱ្យប្រគល់ព័ត៌មានអំពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីបញ្ឈប់ការរំលោភបំពានលើកុមារតាមអ៊ីនធឺណិត និងជាការបង្ក្រាបថ្មីមួយរបស់រដ្ឋាភិបាល ហើយវាបានក្លាយជាការដាក់សម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះបាឲ្យដឹងថា សកម្មភាពរបស់និយ័តករសុវត្ថិភាពអេឡិចត្រូនិករបស់ប្រទេសនេះ បានយកចិត្តទុកដាក់លើការអនុវត្តប្រឆាំងនឹងការកេងប្រវ័ញ្ចលើកុមាររបស់ Twitter ក្រោមកម្មសិទ្ធិរបស់មហាសេដ្ឋី Elon Musk ដែលបានហៅការការពារកុមារជាអាទិភាពចម្បងរបស់គាត់ ខណៈពេលដែលការបញ្ឈប់បុគ្គលិកជាងពាក់កណ្តាលត្រូវបានធ្វើឡើងចាប់តាំងពីលោកចូលកាន់តំណែងកាលពីខែតុលាឆ្នាំមុន។

ប្រធាននិយ័តករសុវត្ថិភាពអេឡិចត្រូនិក លោកស្រី Julie Inman Grant បានប្រាប់ក្នុងបទសម្ភាសន៍មួយដោយសំដៅលើ Twitter និងបានលើកឡើងថា លោក Elon Musk បានប្រកាសថា ការរំលោភបំពានផ្លូវភេទលើកុមារជាអាទិភាពកំពូល នេះគឺជាឱកាសសម្រាប់គាត់ក្នុងការពន្យល់ពីអ្វីដែលគាត់កំពុងធ្វើ។

ក្រៅពីការសរសេរទៅកាន់ Twitter, និយ័តករក៏បានផ្ញើលិខិតទៅកាន់ Alphabet Inc ដែលជាក្រុមហ៊ុនធំរ​បស់ Google, YouTube និង Google Drive ព្រមទាំងក្រុមហ៊ុន​ចិន TikTok។

អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកកិច្ចការរដ្ឋាភិបាល និងគោលនយោបាយសាធារណៈរបស់ Google លោក Samantha Yorke បាននិយាយថា “យើងប្រើប្រាស់បច្ចេកទេសស្កែនស្តង់ដារ, បច្ចេកវិទ្យាផ្គូផ្គង និងបញ្ញាសិប្បនិម្មិត ដើម្បីកំណត់អត្តសញ្ញាណ និងដកចេញនូវសកម្មភាពបំពានលើកុមារ។

អ្នកគ្រប់គ្រងគោលនយោបាយរបស់ TikTok ប្រចាំប្រទេសអូស្ត្រាលី លោក Jed Horner បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនមានវិធីសាស្រ្តក្នុងការទប់ស្គាត់ ដោយគ្មានការអត់ឱនចំពោះការផ្សព្វផ្សាយ និងករណីបំពានលើកុមារឡើយ ក្នុងនោះយើងមានអ្នកជំនាញសុវត្ថិភាពជាង ៤០,០០០នាក់នៅទូទាំងពិភពលោក ដែលបង្កើត និងអនុវត្តគោលនយោបាយរបស់យើង ព្រមទាំងបង្កើតដំណើរការ និងបច្ចេកវិទ្យាដើម្បីស្វែងរក ដកចេញ ឬដាក់កម្រិតលើមាតិកាដែលបំពាន៕

អត្ថបទទាក់ទង