គម្រោងស្ថាបនាផ្លូវជាតិលេខ ១០ សម្រេចបាន ៨៩,៥៦% ហើយ
ភ្នំពេញ៖ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន ៨៩,៥៦% ហើយ។ នេះ បើតាមក្រសួងសាធារការ និងដឹកជញ្ជូន ។
បើតាមប្រភពដដែល ផ្លូវជាតិលេខ ១០ នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងតភ្ជាប់ខេត្តចំនួន៣ រួមមានខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។
គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។
ជាមួយគ្នានោះ យានយន្តធុនស្រាល ធុនធ្ងន់ អាចចរាចរណ៍ជាបណ្តោះអាសន្នបានលើ កំណាត់ផ្លូវជាតិលេខ១០ ដែលបានរអិលបាក់ស្រុត នៅត្រង់ចំណុច PK90+600 (ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់)បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់តភ្ជាប់ឡើងវិញ ជាពិសេសការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ជាប្រចាំរបស់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៃខេត្តពោធិ៍សាត់។
គួរបញ្ជាក់ថា នៅពេលនេះ ភ្លៀងនៅតែបន្តធ្លាក់ឥតស្រាកស្រាន្ត ខណៈដែលក្រុមការងារការដ្ឋានកំពុងមមាញឹកទាំងភ្លៀងប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរឡើងកន្លែងស្រុត ប្រេះ បាក់ ដោយសារទឹកហូរច្រោះនៅចំណុច PK90+600 ចន្លោះឃុំប្រម៉ោយ-ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងធានាឱ្យមានចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។
ទីតាំងលើកំណាត់ផ្លូវជាតិ១០ ដែលមានដីរអិល បាក់ ស្រុតនេះ បណ្តាលមកពីភ្លៀងធ្លាក់ជាប្រចាំជោកជាំជាងកន្លះខែមកនេះ ធ្វើឱ្យទឹកហូរច្រោះដីនៅស្រទាប់ខាងក្រោម និងបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤៕