កូនប្រុសរបស់ Zlatan ប្រឡូកក្លិបអាជីពលើកដំបូង ជាមួយអតីតក្លិបឪពុក នៅ Serie A
កូនប្រុសរបស់កីឡាករ Zlatan Ibrahimovic កីឡាករ Maximilian Ibrahimovic បានចុះកិច្ចសន្យាអាជីពដំបូងរបស់ខ្លួន នៅក្លឹប AC Milan ដែលជាអតីតក្លឹបរបស់ឪពុកគាត់។
កីឡាករ Maximilian អាយុ ១៧ឆ្នាំ ទំនងជានឹងមានវត្តមានជាមួយក្រុមយុវជន Milan នៅរដូវកាលក្រោយនេះ ខណៈដែលរូបគេមានបំណងដើរតាមគន្លងរបស់ឪពុកគាត់ ដែលធ្លាប់ជោគជ័យនៅទឹកដីអ៊ីតាលី។
Zlatan Ibrahimovic ដែលធ្លាប់លេងឱ្យ Barcelona, Paris St-Germain និង Manchester United បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ កាលពីឆ្នាំមុន ហើយឥឡូវនេះ គាត់គឺជាទីប្រឹក្សារបស់ក្លឹប AC Milan បន្ទាប់ពីបញ្ចប់អាជីពរបស់គាត់ជាមួយក្រុមអ៊ីតាលីមួយនេះ។
Zlatan បានស៊ុតបាល់បញ្ចូលទី ៩៣គ្រាប់ ក្នុង ១៦៣ប្រកួត សម្រាប់ AC Milan ដោយបានជួយឱ្យពួកគេឈ្នះពានរង្វាន់ Serie A ក្នុងឆ្នាំ ២០១១ និង ២០២២ ។ អតីតកីឡាករជម្រើសជាតិស៊ុយអែត ដែលមានរហស្សនាមថា “លោកព្រះ” ស៊ុតបញ្ចូលទីបាន ៥១១គ្រាប់ ក្នុងក្លឹបអាជីព និងឈ្នះពានរង្វាន់សរុបចំនួន ៣៤៕