Close

ក្រុម Hezbollah សន្យាប្រឈមមុខជាមួយអាមេរិក និងអ៊ីស្រាអែល ក្រោយការសម្លាប់លោក Khamenei

ដោយ៖ Chhan Sreyka ​​ | 1 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ក្រុម Hezbollah សន្យាប្រឈមមុខជាមួយអាមេរិក និងអ៊ីស្រាអែល ក្រោយការសម្លាប់លោក Khamenei ក្រុម Hezbollah សន្យាប្រឈមមុខជាមួយអាមេរិក និងអ៊ីស្រាអែល ក្រោយការសម្លាប់លោក Khamenei

អ៊ីរ៉ង់៖ ក្រុមប្រដាប់អាវុធលីបង់ Hezbollah បានសន្យាថានឹងបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការប្រឈមមនឹងមុខជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររួមគ្នារបស់ប្រទាំងពីរនេះដោយ បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei។

ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រុមដែលមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយអ៊ីរ៉ង់នេះ បានចូលរួមរំលែកទុក្ខចំពោះលោក Khamenei ដែលត្រូវបានសម្លាប់រួមជាមួយមេដឹកនាំអ៊ីរ៉ង់ផ្សេងទៀត ក្នុងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃសៅរ៍។

ក្រុមនេះបានបញ្ជាក់ថា ការឈ្លានពានរបស់ «ឧក្រិដ្ឋជនអាមេរិក និង Zionist [Israeli] » បានកំណត់គោលដៅលើ «អាណាព្យាបាល និងមេដឹកនាំជាតិរបស់យើង អ៊ីម៉ាម ខាមេនី (សូមអល់ឡោះប្រទានព្រលឹងឲ្យស្ងប់សុខ)» រួមទាំងមន្ត្រី និងប្រជាជនស្លូតត្រង់ជាច្រើនទៀត ដែលតំណាងឱ្យការកើនឡើងនៃអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។

ក្រុម Hezbollah សន្យាប្រឈមមុខជាមួយអាមេរិក និងអ៊ីស្រាអែល ក្រោយការសម្លាប់លោក Khamenei

ក្រុម Hezbollah បានបន្ថែមថា ពួកគេនឹងបំពេញកាតព្វកិច្ចក្នុងការប្រឈមមុខនឹងការឈ្លានពាន ដោយមានទំនុកចិត្តលើជ័យជម្នះ ការណែនាំ និងការគាំទ្រពីអល់ឡោះ។ ក្រុមនេះបានអះអាងថា ទោះបីជាត្រូវលះបង់ប៉ុណ្ណាក៏ដោយ ពួកគេនឹងមិនបោះបង់ចោលការតស៊ូ និងការប្រឈមមុខនឹងអ្វីដែលពួកគេហៅថា «ភាពផ្តាច់មុខរបស់អាមេរិក និងឧក្រិដ្ឋកម្ម Zionist [Israeli] » ដើម្បីការពារទឹកដី សេចក្តីថ្លៃថ្នូរ និងជម្រើសឯករាជ្យរបស់ខ្លួនឡើយ។

រហូតមកដល់ពេលនេះ Hezbollah ដែលដំណើរការជាកងកម្លាំងប្រដាប់អាវុធឯករាជ្យធំមួយនៅលីបង់ មិនទាន់បានចាត់វិធានការយោធាណាមួយប្រឆាំងអ៊ីស្រាអែល ឬទ្រព្យសម្បត្តិអាមេរិក នាប់តាំងពីការវាយប្រហារបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍មកទេ។

ប្រធានាធិបតីលីបង់ លោក Joseph Aoun បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា ការសម្រេចចិត្តអំពីសង្គ្រាម និងសន្តិភាព គឺស្ថិតនៅក្នុងដៃរដ្ឋលីបង់តែប៉ុណ្ណោះ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាការពារជាតិជាន់ខ្ពស់។

ចំណែកនាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់អូសទាញប្រទេសឱ្យធ្លាក់ចូលក្នុងដំណើរផ្សងព្រេង ដែលអាចគំរាមកំហែងដល់សន្តិសុខ និងឯកភាពជាតិឡើយ។

ក្នុងសេចក្តីថ្លែងការណ៍ផ្ញើទៅទីភ្នាក់ងារព័ត៌មាន Reuters លោក Salam បានអំពាវនាវថា៖
«ដោយសារតែការវិវឌ្ឍដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ ខ្ញុំសូមអំពាវនាវជាថ្មីម្តងទៀតឱ្យប្រជាជនលីបង់ទាំងអស់ ប្រព្រឹត្តដោយប្រាជ្ញា និងស្មារតីស្នេហាជាតិ ដោយដាក់ផលប្រយោជន៍ជាតិ និងប្រជាជនលីបង់ជាលំដាប់អាទិភាពលើសអ្វីទាំងអស់»។

លីបង់កំពុងបន្តកិច្ចខិតខំស្តារប្រទេសឡើងវិញ បន្ទាប់ពីសង្គ្រាមរយៈពេលមួយឆ្នាំរវាង Hezbollah និង Israel ដែលបានបញ្ចប់ដោយបទឈប់បាញ់នៅខែវិច្ឆិកា ឆ្នាំ២០២៤។

ទោះជាយ៉ាងណា អ៊ីស្រាអែលត្រូវបានចោទប្រកាន់ថាបានបន្តវាយប្រហារនៅលើទឹកដីលីបង់ និងរក្សាមូលដ្ឋានយោធាជាច្រើននៅតំបន់ព្រំដែន។

គ្រូបង្រៀនវ័យ ២៣ ឆ្នាំ លោកស្រី Zainab al-Moussawi បានប្រាប់ទីភ្នាក់ងារព័ត៌មាន Agence France-Presse ថា ការស្លាប់របស់លោក Khamenei គឺជារឿងឈឺចាប់ខ្លាំង និងជាសោកនាដកម្មមួយ។

លោកស្រីបានបន្ថែមថា វាធ្វើឱ្យនាងមានអារម្មណ៍ដូចពេលដែលអ៊ីស្រាអែលបានសម្លាប់អតីតមេដឹកនាំ Hezbollah លោក Hassan Nasrallah ក្នុងឆ្នាំ២០២៤។

ក្រុមHezbollah ក៏បានអំពាវនាវឱ្យវិហារអ៊ីស្លាមទូទាំងប្រទេស រៀបចំពិធីសូត្រគម្ពីគូរ៉ាន និងពិធីកាន់ទុក្ខផ្សេងៗ ក្នុងតំបន់ដែលក្រុមនេះមានឥទ្ធិពល ដើម្បីរំលឹកដល់មរណភាពរបស់លោក Khamenei៕

អត្ថបទទាក់ទង