លោក Trump រិះគន់គណបក្សប្រជាធិបតេយ្យចំពោះការថ្កោលទោសលើវាយប្រហារលើអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតី Donald Trump នៅថ្ងៃនេះ បានរិះគន់យ៉ាងខ្លាំងទៅលើមេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលបានថ្កោលទោសការសម្រេចចិត្តរបស់លោកក្នុងការបើកប្រតិបត្តិការយោធាវាយប្រហារលើប្រទេស Iran ដោយចោទប្រកាន់ថា ការប្រឆាំងរបស់ពួកគេមានមូលហេតុនយោបាយ។
លោក Trump បានលើកឡើងថា គណបក្សប្រជាធិបតេយ្យដែលលោកហៅថា «ឆ្វេងនិយមជ្រុល» កំពុងត្អូញត្អែរ និងរិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហារដែលលោកអះអាងថា ជាការចាំបាច់ និងមានសារៈសំខាន់បំផុត ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។
ក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social លោកបានសរសេរថា ការរិះគន់ទាំងនោះកើតឡើង «គ្រាន់តែព្រោះតែខ្ញុំជាអ្នកធ្វើវា» ហើយបើសិនជាលោកមិនធ្វើទេ ពួកគេនឹងសួរថា ហេតុអ្វីបានជាលោកមិនចាត់វិធានការភ្លាមៗ។
![]()
លោកបានបន្ថែមថា មិនថាលោកធ្វើអ្វីក៏ដោយ គណបក្សប្រជាធិបតេយ្យតែងតែប្រឆាំង។ ទោះជាយ៉ាងណា លោកអះអាងថា សហរដ្ឋអាមេរិកនៅពេលនេះ «ធំជាង មាំមួនជាង និងរឹងមាំជាងមុន» បើប្រៀបធៀបនឹងពេលកន្លងមក។
នៅថ្ងៃចន្ទ លោក Trump បានចំណាយពេលនៅសេតវិមាន បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារដែលត្រូវបានរាយការណ៍ថា បណ្តាលឱ្យមានការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ គឺ Ali Khamenei។
ក្នុងបទសម្ភាសន៍ជាមួយ CNN លោកបាននិយាយថា សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើអ៊ីរ៉ង់ ប៉ុន្តែបានបញ្ជាក់ថា ស្ថានការណ៍អាចនៅតែមានការវិវត្តបន្ថែមទៀត៕
