Close

តាលីបង់ ចេញក្រឹត្យថ្មី អនុញ្ញាតឱ្យបុរសវាយប្រពន្ធ

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានអន្តរជាតិ
តាលីបង់ ចេញក្រឹត្យថ្មី អនុញ្ញាតឱ្យបុរសវាយប្រពន្ធ តាលីបង់ ចេញក្រឹត្យថ្មី អនុញ្ញាតឱ្យបុរសវាយប្រពន្ធ

ទីក្រុង កាប៊ុល ៖ អាជ្ញាធរ ក្រុមតាលីបង់ នៅប្រទេស អាហ្វហ្គានីស្ថាន បានចេញក្រឹត្យដ៏តឹងរ៉ឹងមួយ ដោយអនុញ្ញាតឱ្យបុរសវាយប្រពន្ធរបស់ខ្លួន មិនឱ្យបាក់ឆ្អឹង ឬបន្សល់ស្នាមរបួសបើកចំហ ឬស្នាមដែលមើលឃើញច្បាស់លើរាងកាយ បើរកឃើញស្រឡាញ់ភេទដូចគ្នា។

ក្រុមអ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សបានថ្កោលទោសក្រឹត្យនេះថា ជាការរំលោភសិទ្ធិធ្ងន់ធ្ងរ និងព្រមានថា វានឹងធ្វើឱ្យស្ត្រីពិបាកស្វែងរកយុត្តិធម៌កាន់តែខ្លាំងឡើង។សកម្មជនសិទ្ធិមនុស្ស លោកស្រី Mahbouba Seraj បានប្រាប់ទូរទស្សន៍ CNN ពីទីក្រុង កាប៊ុល ថា ក្រឹត្យនេះផ្តល់អំណាចឱ្យបុរសគ្រប់គ្រងស្ត្រីយ៉ាងពេញលេញ។

ក្រឹត្យនេះត្រូវបានចេញផ្សាយកាលពីខែមុន ប៉ុន្តែទើបទទួលការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ បន្ទាប់ពីមានការបែកធ្លាយឯកសារទៅកាន់ក្រុមសិទ្ធិមនុស្សអាហ្វហ្គានីស្ថាន Rawadari ដែលបានបោះពុម្ពផ្សាយជាភាសា Pashto ដើម ហើយបណ្តាញអ្នកវិភាគអាហ្វហ្គានីស្ថានបានបកប្រែជាភាសាអង់គ្លេស។

តាលីបង់ចេញក្រឹត្យថ្មី អនុញ្ញាតឱ្យបុរសវាយប្រពន្ធ

ទណ្ឌកម្មដែលមានក្នុងក្រឹត្យនេះ មួយចំនួនបានអនុវត្តរួចមកហើយនៅអាហ្វហ្គានីស្ថាន ប៉ុន្តែនេះជាលើកដំបូងដែលត្រូវបានកំណត់យ៉ាងច្បាស់ ចាប់តាំងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានដកកងទ័ពចេញពីប្រទេស នៅខែសីហា ឆ្នាំ២០២១ ដែលអនុញ្ញាតឱ្យក្រុមតាលីបង់វិលត្រឡប់មកកាន់អំណាចវិញ។

ក្រុមតាលីបង់អះអាងថា ការគ្រប់គ្រងរបស់ខ្លួនស្របតាមច្បាប់ Sharia និងមានមូលដ្ឋានសាសនា។

តាមការបកប្រែឯកសារ ប្រសិនបើប្តីវាយប្រពន្ធរហូតបណ្តាលឱ្យបាក់ឆ្អឹង របួសបើកចំហ ឬមានស្នាមជាំខ្មៅខៀវ ហើយប្រពន្ធប្តឹងទៅចៅក្រម ប្តីនឹងត្រូវចាត់ទុកជាជនល្មើស និងអាចត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ថ្ងៃ។

ក្នុងខណៈដែលទណ្ឌកម្មចំពោះការរំលោភបំពានលើសត្វមានភាពធ្ងន់ធ្ងរជាង ដោយអ្នកដែលបង្ខំសត្វដូចជា ឆ្កែ ឬឈ្លូស ឱ្យប្រយុទ្ធគ្នា អាចត្រូវជាប់ពន្ធនាគាររយៈពេល ៥ខែ។
ក្រឹត្យនេះក៏អនុញ្ញាតឱ្យឪពុកដាក់ទណ្ឌកម្មកូនរបស់ខ្លួន ក្នុងករណីមិនអនុវត្តកាតព្វកិច្ចសាសនា ដូចជាមិនអធិស្ឋាន។ ចំពោះគ្រូបង្រៀនដែលវាយសិស្សធ្ងន់ធ្ងររហូតបាក់ឆ្អឹង ត្រូវដកចេញពីតំណែង។

ដោយសារស្ត្រីនៅអាហ្វហ្គានីស្ថានត្រូវហាមឃាត់មិនឱ្យចាកចេញពីផ្ទះដោយគ្មានអាណាព្យាបាលជាបុរស ក្រុមសកម្មជនព្រមានថា ច្បាប់នេះនឹងធ្វើឱ្យស្ត្រីពិបាកប្តឹងទាមទារយុត្តិធម៌ ទោះបីជារងហិង្សាធ្ងន់ធ្ងរក៏ដោយ។ ក្រោមច្បាប់ Sharia សក្ខីកម្មរបស់ស្ត្រីត្រូវបានចាត់ទុកថាមានតម្លៃស្មើពាក់កណ្តាលនៃសក្ខីកម្មបុរស។

ស្ថានភាពសិទ្ធិស្ត្រីបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីក្រុមតាលីបង់វិលត្រឡប់មកកាន់អំណាច។ ស្ត្រីភាគច្រើនត្រូវបានហាមឃាត់មិនឱ្យធ្វើការនៅក្រៅផ្ទះ។ អង្គការ UNICEF បានប៉ាន់ប្រមាណថា ក្មេងស្រី និងស្ត្រីជាង ២លាននាក់ ត្រូវបានបញ្ឈប់ពីការសិក្សា បន្ទាប់ពីមានការហាមឃាត់ឱ្យចូលរៀននៅអនុវិទ្យាល័យ និងសាកលវិទ្យាល័យ។

មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ លោក Volker Türk បានថ្លែងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សទីក្រុងហ្សឺណែវថា ក្រឹត្យនេះធ្វើឱ្យអំពើហិង្សាប្រឆាំងស្ត្រី និងកុមារមានលក្ខណៈស្របច្បាប់ ហើយព្រមានថា អាហ្វហ្គានីស្ថានកំពុងក្លាយជាទីបញ្ចុះសពសម្រាប់សិទ្ធិមនុស្ស។

តាលីបង់ចេញក្រឹត្យថ្មី អនុញ្ញាតឱ្យបុរសវាយប្រពន្ធ

ក្រឹត្យនេះក៏កំណត់ទណ្ឌកម្មលើអ្នកប្រឆាំងផងដែរ។ អ្នកណាដែលប្រមាថមេដឹកនាំតាលីបង់ លោក Hibatullah Akhundzada អាចត្រូវទទួលទណ្ឌកម្មវាយខ្សែចំនួន ៣៩ដង និងជាប់ពន្ធនាគារមួយឆ្នាំ។ ចំណែកអ្នកដែលបង្ខូចកិត្តិយសមន្ត្រីជាន់ខ្ពស់ អាចជាប់ពន្ធនាគាររយៈពេល ៦ខែ និងទទួលទណ្ឌកម្មវាយខ្សែ ២០ដង។

ក្រុម Rawadari បានបញ្ជាក់ថា ក្រឹត្យនេះ “មិនស្របតាមស្តង់ដារមូលដ្ឋាននៃការកាត់ក្តីដោយយុត្តិធម៌ និងគោលការណ៍សមភាពចំពោះមុខច្បាប់ឡើយ”។

លើសពីនេះ ទោសប្រហារជីវិតត្រូវបានកំណត់សម្រាប់ឧក្រិដ្ឋកម្មជាច្រើន រួមទាំងការផ្សព្វផ្សាយគោលលទ្ធិដែលត្រូវបានចាត់ទុកថាប្រឆាំងសាសនាអ៊ីស្លាម ការលួច ការស្រឡាញ់ភេទដូចគ្នា អាបធ្មប់ និងសកម្មភាពផ្លូវភេទក្រៅពីការរួមភេទតាមទ្វារមាស។

សកម្មជនបានព្រមានថា ការកំណត់និយមន័យអំពី “មូស្លីមត្រឹមត្រូវ” មិនច្បាស់ អាចផ្តល់អំណាចទូលំទូលាយដល់អាជ្ញាធរ ក្នុងការដាក់ទណ្ឌកម្មលើជនជាតិភាគតិចសាសនា នៅក្នុងប្រទេសដែលមានភាពចម្រុះនេះ។

លោកស្រី Mahbouba Seraj បានបញ្ជាក់ថា លោកស្រីទទួលបានការហៅទូរស័ព្ទជាច្រើនពីស្ត្រីដែលអស់សង្ឃឹមទូទាំងប្រទេស។ លោកស្រីថា មុននេះស្ត្រីនៅតែមានការភ័យខ្លាចចំពោះតុលាការ ប៉ុន្តែយ៉ាងហោចណាស់ពួកគេនៅតែអាចត្អូញត្អែរ។ ប៉ុន្តែឥឡូវនេះ ស្ថានភាពកាន់តែពិបាក និងមិនប្រាកដថានឹងមានយុត្តិធម៌ឡើយ៕
https://edition.cnn.com/2026/03/01/asia/taliban-afghanistan-domestic-violence-legal