Close

ត្រៀមបងប្អូនម្ចាស់អាជីវកម្ម ! ពន្ធដារនឹងចុះធ្វើសវនកម្មដល់ទីកន្លែងនៅឆ្នាំនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ត្រៀមបងប្អូនម្ចាស់អាជីវកម្ម ! ពន្ធដារនឹងចុះធ្វើសវនកម្មដល់ទីកន្លែងនៅឆ្នាំនេះ ត្រៀមបងប្អូនម្ចាស់អាជីវកម្ម ! ពន្ធដារនឹងចុះធ្វើសវនកម្មដល់ទីកន្លែងនៅឆ្នាំនេះ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនឹងចុះធ្វើសវនកម្មដល់ទីកន្លែងលើសហគ្រាសចំនួន ៣០០៦ ក្នុងឆ្នាំ២០២៤ នេះដែល លិខិតជូនដំណឹងស្តីពីការចុះធ្វើសវនកម្មសារពើពន្ធនឹងត្រូវផ្ញើជូនដល់សហគ្រាសនីមួយៗ ដើម្បីត្រៀមខ្លួនក្នុងការ ផ្តល់កិច្ចសហការជាមួយរដ្ឋបាលសារពើពន្ធ។ នេះ បើតាមសេក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារចុះថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៤។

បើតាមសេចក្តីជូនដំណឹងស្តីពីការអនុវត្តកម្មវិធីសវនកម្មពន្ធដារ ឆ្នាំ ២០២៤ បញ្ជាក់ថាការចុះធ្វើសវនកម្មដល់ទីកន្លែង នេះ អនុលោមច្បាប់ស្តីពីសារពន្ធដែលប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រម លេខ នស/រកម/០៥២៣/00៤ ចុះថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣, ប្រកាសលេខ ២៧០/សហវ.ប្រក ចុះថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៩ ស្តីពីសវនកម្ម ពន្ធដារ និងសៀវភៅណែណនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ជូនអ្នកជាប់ពន្ធបន្ថែមទៀតថា សហគ្រាសអាចត្រូវបានចុះធ្វើសវនកម្មដល់ទីកន្លែងតែម្តងក្នុងរង្វង់ ៣ឆ្នាំ លើកលែងតែករណីដែលអគ្គនាយកដ្ឋានពន្ធដាររកឃើញថាមានហានិភ័យឬភាពមិនប្រក្រតី។ ជាមួយគ្នានេះសហគ្រាសអាចស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារក្នុងករណីសហគ្រាសមានបំណង ឱ្យមានការធ្វើសវនកម្មពន្ធដារដើម្បីត្រួតពិនិត្យការបំពេញកាតព្វកិច្ចសារពើពន្ធរបស់ខ្លួនក្នុងរង្វង់ ៣ឆ្នាំនេះ។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់នឹងយកចិត្តទុក ដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកគ្រប់គ្រងនិងប្រមូលចំណូលពន្ធផ្ទៃក្នុង ស្របតាមច្បាប់ស្តីពីសារពើពន្ធ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាប្រយោជន៍ថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព ការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់។

យោងតាមអគ្គនាយកដ្ឋានពន្ធដារ សៀវភៅណែនាំស្តីពីបែបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ សម្រាប់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធនេះ ក្នុងគោលបំណងបង្ហាញ និងផ្តល់ជាមធ្យោបាយឱ្យអ្នកជាប់ពន្ធនិងភ្នាក់ងារសេវាកម្មពន្ធដារ ក៏ដូចជាមន្ត្រីពន្ធដារទាំងអស់បានយល់ដឹងអំពីទិដ្ឋភាពទាំងស្រុងនៃការងារធ្វើសវនកម្មពន្ធដារដែលជាមុខងារស្នូលដ៏សំខាន់ក្នុងចំណោមមុខងារស្នូលដទៃទៀតរបស់បណ្តារដ្ឋបាលសារពើពន្ធ នៅក្នុងតំបន់ និងពិភពលោក។ មុខងារសវនកម្មពន្ធដារមានតួនាទីក្នុងការធានាឱ្យបាននូវអនុលោមភាពសារពើពន្ធ និងផ្តល់សេវាក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធរបស់ អ្នកជាប់ពន្ធ តាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ

ជុំវិញបញ្ហានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស ចំណុះអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បើតាមអនុក្រឹត្យ អង្គភាពនេះ ជាយន្តការជំរុញនិងពន្លឿនការដោះស្រាយបញ្ហានានារបស់អ្នកជាប់ពន្ធ ពាក់ព័ន្ធនឹងការងារសវនកម្មពន្ធដារឱ្យបានឆាប់រហ័ស សំដៅកែលម្អបរិយាកាសធុរកិច្ចនិងការវិនិយោគ។ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ។

អង្គភាពសវនកម្មពន្ធដារពិសេសមានតួនាទីនិងភារកិច្ចលើការគ្រប់គ្រងនិងធ្វើការងារសវនកម្មពន្ធដារ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាននិង សៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ លើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់អង្គភាព។

ទទួលបន្ទុកក្នុងការធ្វើការពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងវិភាគហានិភ័យនៅនឹងអង្គភាពសវនកម្ម ពន្ធដារពិសេស ដើម្បីធ្វើសវនកម្មពេញលេញតែមួយលើក ដោយពុំចាំបាច់ធ្វើសវនកម្មលើលិខិត ស្នាមនិងសវនកម្មមានកម្រិត លើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន និង រៀបចំផែនការសវនកម្មពន្ធដារពិសេសប្រចាំឆ្នាំ ដោយផ្អែកលើសៀវភៅណែនាំស្តីពីការកំណត់ ហានិភ័យលើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។

ជាពិសេស អាចធ្វើសវនកម្មតាមការស្នើសុំពីសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ព្រមទាំង អនុវត្តការងារតាមបែបបទនិងនីតិវិធីការងារស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន និង ជូនព័ត៌មានទៅសាមីសហគ្រាសអំពីមូលហេតុនៃការជ្រើសរើសយកសហគ្រាស ដើម្បីធ្វើសវនកម្ម ពន្ធដារ៕

អត្ថបទទាក់ទង