Close

សម្តេចតេជោស្នើទូតអូស្ត្រាលីថ្មីជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
សម្តេចតេជោស្នើទូតអូស្ត្រាលីថ្មីជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា សម្តេចតេជោស្នើទូតអូស្ត្រាលីថ្មីជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ស្នើឯកអគ្គរាជទូតប្រទេសអូស្ត្រាលីថ្មី ខិតខំជំរុញអ្នកវិនិយោគអូស្រ្តាលី មកបណ្តាក់ទុនវិនិយោគ នៅកម្ពុជា ដែលមានវិស័យសក្តានុពលជាច្រើន ខណៈ សព្វថ្ងៃនេះ មានក្រុមហ៊ុនអូស្រ្តាលី កំពុងចម្រាញ់រ៉ែមាស នៅក្នុងខេត្តមណ្ឌលគិរី ដែលកំពុងមានដំណើរការល្អ។

ការស្នើរបស់សម្តេចតេជោ នេះ ធ្វើងឡើងក្នុងពេលអនុញ្ញាតឱ្យ លោក ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំ កម្ពុជា ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។

គេហទំព័រហ្វេសប៊ុករបស់សម្តេចតេជោ បញ្ជាក់ថា ចំពោះវិស័យពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគវិញ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា អូស្រ្តាលី បានជួយកម្ពុជាលើការងារជាច្រើន ប៉ុន្តែការវិនិយោគរបស់អូស្រ្តាលី គឺមានកម្រិតទាបនៅឡើយ។

សម្តេចតេជោស្នើទូតអូស្ត្រាលីថ្មីជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា

ជាមួយគ្នានោះ សម្តេចតេជោ បានប្រាប់ទៅអគ្គរាជទូតអូស្រ្តាលីទៅទស្សនាក្រុមហ៊ុនអូស្រ្តាលី នៅមណ្ឌលគិរី និងទស្សនាខេត្ត-ក្រុងកម្ពុជាទាំងអស់ ដោយសារតែពេលនេះកម្ពុជាមានសន្តិភាព ហើយផ្លូវថ្នល់ក៏ល្អប្រសើរជាងមុនឆ្ងាយណាស់ និងមិនត្រូវស្ទាក់ស្ទើរក្នុងការជួបពិភាក្សាជាមួយរដ្ឋមន្រ្តី ឬអាជ្ញាធរកម្ពុជាឡើយ ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនេះ ឱ្យបានធំ និងរឹងមាំ ដើម្បីធ្វើជាកំណល់ដល់ទំនាក់ទំនងនយោបាយដែលធំ និងរឹងមាំដូចគ្នា។

លោក ដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំ កម្ពុជា បញ្ជាក់ថា ប្រទេសអូស្ត្រាលី មានផលប្រយោជន៍ជាច្រើន ជាមួយកម្ពុជា ហើយលោក សន្យាថា និងជំរុញបន្ថែមទៀត ដល់អ្នកពាក់ព័ន្ធនានា ចូលមកប្រទេសកម្ពុជា ដើម្បីជួយជំរុញនិងពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ ។

ជាមួយគ្នានោះ លោកឯកអគ្គរាជទូត ក៏បានកោតសរសើរផងដែរថា កម្ពុជា មានការរីកចម្រើនលឿន ហើយបានរំដោះខ្លួនពីភាពក្រីក្រ ដោយ សម្លឹងឃើញថា កម្ពុជា មានវិស័យជាច្រើន ដែលអូស្ត្រាលី អាចធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ ដូចដែលបានធ្វើកន្លងមក ដូចជាវិស័យសេដ្ឋកិច្ច សុខាភិបាល កសិកម្ម អប់រំ សន្តិសុខ និងការពារជាតិ បោសសំអាតមីន…។ល។

សម្តេចតេជោស្នើទូតអូស្ត្រាលីថ្មីជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា

លោកក៏បានរំលឹកផងដែរថា ឆ្នាំនេះ គឺជាខួបឆ្នាំទី៣០ នៃអាហារូបករណ៍អូស្ត្រាលី ដែលអូស្ត្រាលី បានដល់ជូនចំពោះកម្ពុជា ហើយ អូស្ត្រាលី បានប្រកាសថា និងបង្កើនចំនួន អាហារូបករណ៍ ពី ៤៥ទៅ ៦២ កន្លែងដែលនឹងចាប់ផ្ដើមវគ្គសិក្សានៅខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ។

លោក បានចាត់ទុកថា កម្ពុជា មានជំនាញ និងកម្លាំងពលកម្មច្រើន ដែលលើកទឹកចិត្តសម្រាប់ការធ្វើវិនិយោគទុននៅកម្ពុជា ។

បន្ថែមពីនេះ លោក មានបំណងនឹងធ្វើកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យ អភិបាលកិច្ច ដើម្បីធ្វើឱ្យអ្នកវិនិយោគទុនមានទំនុកចិត្ត នៅក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ហើយនឹងខិតខំធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត ខាងផ្នែកសេដ្ឋកិច្ចដោយខិតខំប្រឹងប្រែងយ៉ាងណា ឱ្យមានការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។

ទន្ទឹមគ្នានោះ លោក សន្យាថា ស្ថានទូត និងធ្វើការជាមួយអ្នកវិនិយោគរបស់អូស្ត្រាលី ដើម្បីកំណត់កាលានុវត្តភាព នៅក្នុងវិស័យ ដែលមានសក្ដានុពល ដើម្បីជួយកម្ពុជា ឱ្យមានកំណើនសេដ្ឋកិច្ចថែមទៀត ៕