Close

សហភាពអឺរ៉ុបត្រៀមផ្តល់ជំនួយឥតសំណង ៣,៥ លានអឺរ៉ូ ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកជំនាញទឹកស្អាតនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
សហភាពអឺរ៉ុបត្រៀមផ្តល់ជំនួយឥតសំណង ៣,៥ លានអឺរ៉ូ ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកជំនាញទឹកស្អាតនៅកម្ពុជា សហភាពអឺរ៉ុបត្រៀមផ្តល់ជំនួយឥតសំណង ៣,៥ លានអឺរ៉ូ ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកជំនាញទឹកស្អាតនៅកម្ពុជា

ភ្នំពេញ៖ សហភាពអឺរ៉ុបបានប្តេជ្ញាបន្ថែមការគាំទ្ររបស់ខ្លួនលើវិស័យទឹកស្អាតនៅកម្ពុជា និងគ្រោងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍឧស្សាហកម្មបៃតង ការស្រាវជ្រាវ និងនវានុវត្តន៍ ខណៈបានត្រៀមផ្តល់ជំនួយឥតសំណង ៣,៥ លានអឺរ៉ូ ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកជំនាញទឹកស្អាតនៅកម្ពុជា ។

ការប្តេជ្ញាចិត្តគាំទ្រ និងសហការនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ រវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចរបស់ស្នងការអឺរ៉ុប Urpilainen មកកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៤ សហភាពអឺរ៉ុបបានសន្យាផ្តល់ជំនួយឥតសំណងចំនួន ១២លានអឺរ៉ូ ក្រោមក្របខ័ណ្ឌគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ជំហានទី៣ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់សហភាពអឺរ៉ុប ក្នុងការរួមចំណែកកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់កម្ពុជា និងការពង្រីកសេវាទឹកស្អាត។

សហភាពអឺរ៉ុបត្រៀមផ្តល់ជំនួយឥតសំណង ៣,៥ លានអឺរ៉ូ ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកជំនាញទឹកស្អាតនៅកម្ពុជា

ឯកឧត្តម Igor Driesmans បានលើកឡើងថា សហភាពអឺរ៉ុបបានត្រៀមផ្តល់ជំនួយឥតសំណងចំនួន ៣,៥ លានអឺរ៉ូ ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកជំនាញទឹកស្អាត ដោយស្នើឱ្យមានសហហិរញ្ញប្បទានពីភាគីកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឱ្យទៅបន្តការសិក្សាផ្នែកវិស្វកម្មទឹកស្អាត ដើម្បីគាំទ្របន្ថែមដល់វិស័យនេះ។

កិច្ចពិភាក្សាក៏បានផ្តោតលើសារៈសំខាន់នៃការរៀបចំផែនការមេវិស័យទឹកស្អាត និងក្របខណ្ឌគតិយុត្តិបន្ថែម ដើម្បីគ្រប់គ្រង់វិស័យនេះឱ្យកាន់តែមានប្រសិទ្ធិភាព រួមទាំងការបង្កើតយន្តការស្ថាប័នដើម្បីអភិវឌ្ឍវិស័យទឹកស្អាតឱ្យបានកាន់តែប្រសើរថែមទៀត ។

ក្រៅពីវិស័យទឹកស្អាត សហភាពអឺរ៉ុបបានបង្ហាញចំណាប់អារម្មណ៍សហការជាមួយក្រសួង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពលសម្រាប់រោងចក្របៃតង ដោយសហការជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីជំរុញការអនុវត្តគោលការណ៍ឧស្សាហកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា។ គណៈប្រតិភូបានជម្រាបជូនពីបំណងសហការលើការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីពង្រឹសមត្ថភាពឱ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកអាចបំពេញតាមលក្ខខណ្ឌទីផ្សារនាំចេញ ដោយស្នើសហការជាមួយសហគ្រិនខ្មែរ។

សហភាពអឺរ៉ុបត្រៀមផ្តល់ជំនួយឥតសំណង ៣,៥ លានអឺរ៉ូ ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកជំនាញទឹកស្អាតនៅកម្ពុជា

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមទាំងនេះ និងបានស្នើឱ្យសហភាពអឺរ៉ុបផ្តល់ជំនួយបច្ចេកទេសលើការស្រាវជ្រាវទីផ្សារ ដើម្បីក្រសួង និងដៃគូ រួមទាំងសហគ្រិនខ្មែរ អាចពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងផ្តល់ជំនួយចំគោលដៅដល់សហគ្រាសធុនតូច និងមធ្យម ឱ្យចូលទៅកាន់ទីផ្សារអន្តរជាតិដែលមានតម្លៃបន្ថែមខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូអំពីការសម្របសម្រួល និងកិច្ចសហការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងធនធានទឹក និងឧតុនិយម, និងក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់និរន្តរភាពប្រភពទឹក បង្កើនការតភ្ជាប់បណ្តាញទឹកស្អាតតាមខ្នងផ្ទះប្រជាពលរដ្ឋ និងលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យទឹកស្អាតទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើតក្របខណ្ឌច្បាប់គាំទ្រការស្រាវជ្រាវ និងអភិវឌ្ឍន៍ រួមទាំងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍ផងដែរ។
ភាគីទាំងពីរបានបង្ហាញការជឿជាក់លើភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងសហភាពអឺរ៉ុប ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការជំរុញការអភិវឌ្ឍវិស័យទឹកស្អាតប្រកបដោយនិរន្តរភាព និងការលើកកម្ពស់របៀបវារៈបៃតង និងនវានុវត្តន៍របស់កម្ពុជា៕

សហភាពអឺរ៉ុបត្រៀមផ្តល់ជំនួយឥតសំណង ៣,៥ លានអឺរ៉ូ ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកជំនាញទឹកស្អាតនៅកម្ពុជា