រដ្ឋមន្ត្រី៖ ការធ្វើពិពិធកម្មសេដ្ឋកិច្ចគឺជាស្នូលនៃយុទ្ធសាស្ត្រកំណើនរបស់កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានលើកឡើងថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចគឺជាស្នូលនៃយុទ្ធសាស្ត្រកំណើនរបស់កម្ពុជា ហើយមន្ទីរជាតួអង្គដ៏សំខាន់ក្នុងការជំរុញដំណើរការនេះទៅមុខ។
ការលើកឡើងរបស់ឯកឧត្តម ហែម វណ្ណឌី បែបនេះ ក្នុងពេល ចុះសួរសុខទុក្ខ សំណេះសំណាល និងពិភាក្សាការងារជាមួយ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ដោយផ្តោតលើតួនាទីសំខាន់របស់មន្ទីរក្នុងការអភិវឌ្ឍឧស្សាហកម្ម និងធុរកិច្ចក្នុងមូលដ្ឋាន នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤។
ឯកឧត្តមបានលើកឡើងថា៖ «ការធ្វើពិពិធកម្មពាក់ព័ន្ធនឹងក្រសួង-ស្ថាប័នជាច្រើន ប៉ុន្តែក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទីស្នូលក្នុងការសម្របសម្រួលគ្រប់គ្រងការអភិវឌ្ឍវិស័យកម្មន្តសាល និងឧស្សាហកម្ម»។
ជាមួយគ្នានោះ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពរបស់មន្ទីរឧស្សាហកម្ម ក្នុងការផ្តល់ប្រឹក្សាដល់វិស័យឯកជន ពិសេសទាក់ទងនឹងបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនដែលលើកកម្ពស់គុណភាព និងផលិតភាព។
ឯកឧត្តមបានណែនាំឱ្យបង្កើតយន្តការចែករំលែកទិន្នន័យក្នុងចំណោមមន្ទីរក្រោមរដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាការចែករំលែកទិន្នន័យជាមួយក្រសួង ដោយធ្វើយ៉ាងណាឱ្យមានលំហូរទិន្នន័យកាន់តែប្រសើរ ដើម្បីលើកកម្ពស់ការធ្វើសេចក្តីសម្រេចចិត្ត និងគោលនយោបាយដែលមានព័ត៌មានច្បាស់លាស់។
ឯកឧត្តមបានណែនាំមន្ទីរទាំងពីរ ពិសេសនៅរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងធុរកិច្ចរបស់កម្ពុជា និងមានរោងចក្រ-សហគ្រាសរាប់ពាន់ទីតាំង ឱ្យបន្តនវានុវត្តន៍ ក្នុងរបៀបរបបការងាររបស់ខ្លួន ដោយលើកជាឧទាហរណ៍អំពីការដំឡើងឧបករណ៍ចាប់សញ្ញា (sensor) សម្រាប់សុវត្ថិភាពឧស្សាហកម្ម ដើម្បីតាមដានកំដៅ និងកម្រិតបំពុល ដោយបញ្ជូនទិន្នន័យភ្លាមៗទៅកាន់ប្រព័ន្ធកណ្តាល ដើម្បីកាត់បន្ថយការចុះផ្ទាល់។
ឯកឧត្តមបានប្រៀបធៀបការបណ្តុះធុរកិច្ចទៅនឹងការលូតលាស់របស់ដើមឈើ ដោយលើកឡើងថា៖ “យើងមិនត្រូវទៅអង្រួនដើមឈើ ពេលដែលវាទើបចាប់ផ្តើមលូតលាស់នោះទេ។ អ្វីដែលយើងត្រូវធ្វើគឺពូនជ្រុំ ស្រោចទឹក ដាក់ជី និងថែទាំវាឱ្យបានទៀងទាត់។ ក្រសួងកំពុងជំរុញអភិក្រមគាំទ្រធុរកិច្ច មិនមែនរំខានទេ នៅពេលដែលមន្ត្រីចុះជួបវិស័យឯកជនក្នុងមូលដ្ឋាន។”
អភិក្រមនេះឆ្លុះបញ្ចាំងកំណែទម្រង់របស់រាជរដ្ឋាភិបាល ដែលបានលុបបំបាត់ការចុះអធិការកិច្ចច្រើនលើក ដោយបង្កើតយន្តការអធិការកិច្ចអន្តរក្រសួងរួម ដែលមានការសម្របសម្រួល និងធ្វើឡើងតែមួយដងក្នុងមួយឆ្នាំ។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមន្ទីរទាំងពីរ ស្វែងរកឱកាស និងកំណត់សក្តានុពលបង្កើតតម្លៃបន្ថែមនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយលើឧទាហរណ៍នៃតម្រូវការវត្ថុធាតុដើមក្នុងវិស័យកាត់ដេរ ដូចជា ក្រណាត់ អំបោះ ឡេវ និងធាតុចូលផលិតកម្មផ្សេងទៀត ព្រមទាំងលើកទឹកចិត្តឱ្យមន្ទីរប្រមូល និងចែករំលែកទិន្នន័យនេះឱ្យបានទូលំទូលាយ៕