Close

ការវាយឆ្មក់របស់អ៊ីស្រាអែលបណ្តាលឱ្យមេដឹកនាំកំពូលរបស់ក្រុមសកម្មប្រយុទ្ធម្នាក់ស្លាប់នៅតំបន់ West Bank

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
ការវាយឆ្មក់របស់អ៊ីស្រាអែលបណ្តាលឱ្យមេដឹកនាំកំពូលរបស់ក្រុមសកម្មប្រយុទ្ធម្នាក់ស្លាប់នៅតំបន់ West Bank ការវាយឆ្មក់របស់អ៊ីស្រាអែលបណ្តាលឱ្យមេដឹកនាំកំពូលរបស់ក្រុមសកម្មប្រយុទ្ធម្នាក់ស្លាប់នៅតំបន់ West Bank

West Bank (AP) – យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធនៅតំបន់ West Bank ចំនួន ៥នាក់បន្ថែមទៀត រួមទាំងមេបញ្ជាការមូលដ្ឋានជាន់ខ្ពស់ម្នាក់ផងដែរ ខណៈដែលខ្លួនបានបន្តរុលទៅមុខនៅថ្ងៃព្រហស្បតិ៍ជាមួយនឹងប្រតិបត្តិការដ៏ធំបំផុតនៅក្នុងទីតាំងដែលកាន់កាប់ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅតំបន់ហ្គាហ្សា។

តាមការចុះផ្សាយរបស់សារព័ត៌មាន Reuter នៅថ្ងៃទី ៣០ ខែសីហា នេះ ប្រទេសអ៊ីស្រាអែលបាននិយាយថា ការវាយឆ្មក់ចូលនៅភាគខាងជើងនៃតំបន់ West Bank បានសម្លាប់មនុស្សសរុបចំនួន ១៦ នាក់ ដែលអ្នកទំាងនោះជាក្រុមសកម្មប្រយុទ្ធចាប់តាំងពីល្ងាចថ្ងៃអង្គារ គឺសំដៅការពារការវាយប្រហារមកលើប្រទេសអ៊ីស្រាអែល ។

ទោះជាយ៉ាងណាប្រទេសប៉ាឡេស្ទីនមើលឃើញថា នេះ គឺជាការពង្រីកសង្រ្គាមនៅតំបន់ហ្កាហ្សា និងជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអ៊ីស្រាអែល ដើម្បីបន្តគ្រប់គ្រងយោធារាប់ទសវត្សរ៍របស់ប្រទេសនេះលើទឹកដីខ្លួន ។

ការវាយឆ្មក់របស់អ៊ីស្រាអែលបណ្តាលឱ្យមេដឹកនាំកំពូលរបស់ក្រុមសកម្មប្រយុទ្ធម្នាក់ស្លាប់នៅតំបន់ West Bank

ការវាយឆ្មក់ចូលរបស់ប្រទេសអ៊ីស្រាអែលនេះបានទាក់ទាញការជូនដំណឹងពីអង្គការសហប្រជាជាតិ និងប្រទេសជិតខាងដូចជាប្រទេសហ្ស៊កដានី ក៏ដូចជាពីមេដឹកនាំប្រទេសអង់គ្លេស និងបារាំង ឱ្យស្វែងរកកិច្ចចចារបទឈប់បាញ់នៅតំបន់ហ្គាហ្សា បន្ទាប់ពីការប្រយុទ្ធគ្នារវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិត ១១ ខែមកនេះ ។

ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ al-Awda នៅកណ្តាលតំបន់ហ្គាហ្សាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិប៉ាឡេស្ទីនចំនួន ៩នាក់មកពីគ្រួសារតែមួយ រួមទាំងស្ត្រីពីរនាក់ និងកុមារតូចៗ ៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ប្រទេសអ៊ីស្រាអែលលើអគារផ្ទះល្វែងមួយខ្នងនៅក្នុងជំរុំជនភៀសខ្លួន Nuseirat ។

ទោះជាយ៉ាងណា ប្រទេសអ៊ីស្រាអែលមិនបានផ្តល់ការអត្ថាធិប្បាយភ្លាមៗអំពីគោលដៅនៃការវាយប្រហាររបស់ខ្លួនទេ។

អង្គការសុខភាពពិភពលោករបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចាប់ពីថ្ងៃអាទិត្យ ប្រទេសអ៊ីស្រាអែលនឹងផ្អាកប្រតិបត្តិការយោធាមួយចំនួននៅក្នុងតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឱ្យបុគ្គលិកសុខាភិបាលចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើងដល់កុមារប៉ាឡេស្ទីនប្រហែល ៦៥0,000 នាក់ ក្រោយរកឃើញករណីមួយ នៅដើមខែនេះដែលជាករណីរកឃើញលើកដំបូងក្នុងរយៈពេល ២៥ ឆ្នាំ៕