៥ ខែ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២ លាននាក់
ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែឧសភា ដើមឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ២,៦៤០,៩៩៩ នាក់ កើនឡើង ២២.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤។
ក្រសួងបញ្ជាក់ទៀតថា ក្នុងនោះភ្ញៀវទេសចរចូលមកតាមផ្លូវអាកាសប្រមាណ ៩៨៦,៤៣៥នាក់ ផ្លូវគោកប្រមាណ ១,៦១២,៥៤៧នាក់ និងផ្លូវទឹកប្រមាណ ៤២,0១៧ នាក់។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជា មានភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ ១០,៦៨៨,0៧៣ នាក់ ក្នុងនោះភ្ញៀវទេសចរជាជនបរទេសមានចំនួនប្រមាណ ១,៩០៦,៨00 នាក់ កើនឡើង៦៩.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
គោលដៅទេសចរណ៍ធំៗដែលភ្ញៀវទេសចរអន្តរជាតិទាំងនោះមកលេងកម្សាន្ត ដូចជា៖រាជធានីភ្នំពេញ ប្រមាណ ១,0៩0,៤៣៤ នាក់ខេត្តសៀមរាប ប្រមាណ ៤៧២,២៥៨ នាក់តំបន់ឆ្នេរ ប្រមាណ ២៤១,២៧៣ នាក់តំបន់អេកូទេសចរណ៍ ប្រមាណ ១៨,៧៩៨នាក់និងតំបន់ផ្សេងៗទៀត ប្រមាណ ៨៤,0៥៣ នាក់។
សូមជម្រាបជូនផងដែរថា ប្រទេសទាំង ១០ ដែលមានភ្ញៀវទេសចរធ្វើដំណើរមកកាន់ប្រទេសកម្ពុជាច្រើនជាងគេមានដូចជា៖ ១ ប្រទេសថៃ ២ ប្រទេសវៀតណាម ៣ ប្រទេសចិន ៤ ប្រទេសឡាវ ៥ សហរដ្ឋអាមេរិក៦ ប្រទេសកូរ៉េខាងត្បូង ៧ប្រទេសឥណ្ឌូណេស៊ី ៨ប្រទេសបារាំង ៩ ចក្រភពអង់គ្លេស និង១០ ប្រទេសជប៉ុន៕