កីឡាករកីឡាការិនីកម្ពុជា ៩រូប ចេញប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី ក្នុងថ្ងៃបើកឆាក
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្ដើមជាផ្លូវការណ៍ហើយ ក្នុងនោះ អត្តពលិកកម្ពុជា៩រូប ចេញប្រកួតក្នុងថ្ងៃបើកឆាក។
បើតាមការប្រកាសរបស់គណកម្មការជាតិអូឡាំពិក កីឡាករកីឡាការិនីកម្ពុជា៩រូប ក្នុងចំណោម១៦នាក់ នឹងចេញយុទ្ធនាការជម្រុះថ្ងៃដំបូងនេះ។ អត្តពលិកកម្ពុជា៩រូបនោះមានដូចជា៖ អេ វីរៈខាំឈីតភូថង (ម៉ឺន មេឃា), អ៊ុំ ថារ័ត្ន, ហាត ភី, ធាន អាត (ចាន់ សំអាត), ចាន់ រតនា, នៅ ស្រីពៅ, ផេង សុបញ្ញា (គោរមៈ ចន្ទរាជ), ហ៊ុន ចន្ទរាជ និង ឡុង ឡា។ ការប្រកួតនឹងចាប់ផ្ដើមពីម៉ោង១០ព្រឹកតទៅនៅវិមានពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។
បើគ្មានអ្វីប្រែប្រួលទេនោះ នៅល្ងាចថ្ងៃដំបូងនេះដែរ នឹងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកជាផ្លូវការ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ប្រព្រឹត្តទៅចំនួន៣ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកក្កដា ដោយមាន ១៨ប្រទេសចូលរួម បានចុះឈ្មោះ ក្នុងនោះ មានអត្តពលិកចំនួន ១០១នាក់៕