Close

មន្ត្រីជំនាញ បញ្ជាក់ថា មូលហេតុនៃករណីត្រីងាប់នៅបឹងតាមោក បណ្តាលមកពីកត្តាគ្រោះធម្មជាតិ

ដោយ៖ Chhan Sreyka ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ
មន្ត្រីជំនាញ បញ្ជាក់ថា មូលហេតុនៃករណីត្រីងាប់នៅបឹងតាមោក បណ្តាលមកពីកត្តាគ្រោះធម្មជាតិ មន្ត្រីជំនាញ បញ្ជាក់ថា មូលហេតុនៃករណីត្រីងាប់នៅបឹងតាមោក បណ្តាលមកពីកត្តាគ្រោះធម្មជាតិ

សៀមរាប៖ ត្រីងាប់ជាច្រើនក្បាលនៅតំបន់បឹងតាមោក មន្ត្រីជំនាញបានពិនិត្យ និងវាយតម្លៃ យ៉ាងល្អិតល្អន់ថា បណ្តាលមកពីកត្តាគ្រោះធម្មជាតិ មិនមែនកើតឡើងដោយសារបទល្មើសនេសាទ ឬការបំពុលនោះឡើយ ការសន្និដ្ឋានបែបនេះ បន្ទាប់ពី លោក ឌុច គឹមដម នាយករងរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំជំនាញជលផល និងកងកម្លាំង សហការជាមួយរដ្ឋបាលស្រុកសូទ្រនិគម និងរដ្ឋបាលស្រុកជីក្រែង ចុះពិនិត្យទីតាំង ត្រីងាប់ជាច្រើនក្បាលនៅតំបន់ខាងលើ។

លោក លី តុងឃី ប្រធានសហគមន៍នេសាទកំពង់ឃ្លាំង បានពន្យល់ថា មូលហេតុចម្បងដែលនាំឱ្យត្រីងាប់ គឺផ្ដើមចេញពីស្ថានភាពអាកាសធាតុក្ដៅខ្លាំង និងហប់ រួមផ្សំនឹងកម្រិតទឹកក្នុងបឹងរីងរាក់ ជាហេតុបណ្ដាលឱ្យត្រីងាប់តែម្ដង។ លោកបានបញ្ជាក់ថា មិនមានករណីឆក់ត្រីនោះទេ គឺវាជាគ្រោះធម្មជាតិទាំងម្ដង។

មន្ត្រីជំនាញ បញ្ជាក់ថា មូលហេតុនៃករណីត្រីងាប់នៅបឹងតាមោក បណ្តាលមកពីកត្តាគ្រោះធម្មជាតិ

ទន្ទឹមនឹងនេះ លោកវរសេនីយ៍ត្រី ពុំ ពឿយ នាយការិយាល័យអភិរក្សតំបន់សឹកសៀមរាប ក៏បានច្រានចោលនូវការសង្ស័យជុំវិញបទល្មើសឆក់ និងការបង្ហូរថ្នាំពុលផងដែរ។ លោកថា កណ្ដាលថ្ងៃត្រង់អាចមិនមានបទល្មើសឆក់ឡើយ ហើយបើទោះជាមានការលួចលាក់ធ្វើនៅពេលយប់ ក៏ជនល្មើសត្រូវតែប្រមូលយកត្រីទៅដែរ មិនអាចទុកចោលឱ្យងាប់រាប់តោនបែបនេះទេ។ ចំពោះពាក្យចចាមអារ៉ាមរឿងថ្នាំពុល លោកបានពន្យល់ថា ទីនេះជាដីវាល រាប់គីឡូម៉ែត្រ គ្មានការធ្វើស្រែចម្ការឡើយ ហើយបើជាករណីពុលថ្នាំមែន ត្រីដែលមានរាប់រយតោននៅក្នុងតំបន់នេះ មុខជាត្រូវងាប់ទាំងអស់ មិនមែនងាប់ត្រឹមតែ ១ទៅ ២តោននោះទេ។

មន្ត្រីជំនាញ បញ្ជាក់ថា មូលហេតុនៃករណីត្រីងាប់នៅបឹងតាមោក បណ្តាលមកពីកត្តាគ្រោះធម្មជាតិ

ជុំវិញបញ្ហានេះដែរ លោក គឹម វណ្ណៈ អភិបាលស្រុកសូទ្រនិគម បានលើកឡើងពីមធ្យោបាយបច្ចេកទេសថា ដោយសារតំបន់នេះឆ្ងាយ ពិបាកនាំគ្រឿងចក្រចូល ដូច្នេះបើចង់ដឹកគ្រឿងចក្រមក ទាល់តែដឹកជញ្ជូនតាមរយៈ «សាឡង់»។ ក្រៅពីនេះ លោកក៏បានស្នើឡើងនូវមធ្យោបាយមួយទៀត គឺការប្រើប្រាស់ «ម៉ាស៊ីនបូមភក់» ដើម្បីបូមភក់ចេញ រួចយកទៅចាក់បំពេញនៅទីតាំងទីទួលវិញ ដែលវិធីនេះអាចជួយឱ្យត្រពាំង ឬស្រះជម្រកត្រីមានជម្រៅជ្រៅ និងផ្ទុកទឹកបានច្រើន។
លើបញ្ហាចំពោះមុខនេះ លោក ឌុច គឹមដម នាយករងរដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ថា បឹងនេះមានលក្ខណៈភូមិសាស្ត្រស្មុគស្មាញ និងលំបាកខ្លាំងក្នុងខែប្រាំង ដោយសារការធ្វើដំណើរចេញចូលមិនអំណោយផល ធ្វើឱ្យគ្រឿងចក្រមិនអាចចូលទៅដល់ ក្រុមការងារចម្រុះដែលរួមមាន អាជ្ញាធរស្រុក សហគមន៍ ជលផល និងកងយោធា បានឯកភាពគ្នាដាក់ចេញនូវ «វិធានការសង្គ្រោះបឋមជាចំពោះមុខ» ដោយការស្វែងរកវិធីធ្វើជម្រកឱ្យត្រី ដើម្បីឱ្យត្រីអាចចូលទៅជ្រកកោនក្នុងកន្លែងដែលមានភាពត្រជាក់ជាងមុន។ លោកបានអំពាវនាវដល់សហគមន៍ បងប្អូនប្រជាកសិករ មន្ត្រីជលផល និងកងយោធាដែលប្រចាំការនៅទីនោះ ត្រូវរួមគ្នាដិតដល់ក្នុងការពិនិត្យតាមដានស្ថានភាពទឹក និងអាកាសធាតុជាប្រចាំ និងអនុវត្តវិធានការការពារជាមុនឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់កុំឱ្យមានគ្រោះមហន្តរាយត្រីងាប់បែបនេះបន្តទៀត។

មន្ត្រីជំនាញ បញ្ជាក់ថា មូលហេតុនៃករណីត្រីងាប់នៅបឹងតាមោក បណ្តាលមកពីកត្តាគ្រោះធម្មជាតិ

សូមបញ្ជាក់ថា ករណីត្រីងាប់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់ឡូត៍អភិរក្សបឹងតាមោកនេះ គឺពិតជាបណ្តាលមកពីកត្តាគ្រោះធម្មជាតិ ដែលបង្កឡើងដោយអាកាសធាតុក្តៅហប់ និងស្ថានភាពទឹករីងរាក់តែប៉ុណ្ណោះ ដោយមិនមែនកើតឡើងដោយសារបទល្មើសនេសាទ ឬការបំពុលនោះឡើយ។ ម្យ៉ាងវិញទៀត វត្តមានត្រីងាប់រាប់តោននេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពវិជ្ជមានមួយផងដែរ ពោលគឺដោយសារតែកន្លងមក អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានរួមគ្នាចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់អភិរក្សនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលជាកត្តាដ៏សំខាន់ជួយជំរុញឱ្យមានកំណើនផលត្រីកើនឡើងយ៉ាងគំហុគ និងយ៉ាងច្រើនលើសលប់ខុសពីឆ្នាំមុនៗបែបនេះ៕

មន្ត្រីជំនាញ បញ្ជាក់ថា មូលហេតុនៃករណីត្រីងាប់នៅបឹងតាមោក បណ្តាលមកពីកត្តាគ្រោះធម្មជាតិ