ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម អញ្ជើញដល់ហ្វីលីពីន ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ
ម៉ានីល៖ ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម (To Lam) បានអញ្ជើញមកដល់ទីក្រុងម៉ានីល កាលពីថ្ងៃអាទិត្យ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងហ្វីលីពីន និងវៀតណាម ខណៈប្រទេសទាំងពីរកំពុងត្រៀមប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងគ្នា នៅក្នុងខែកក្កដាខាងមុខ។
លោក តូ ឡឹម និងភរិយា លោកស្រី ង៉ូ ភឿង លី (Ngo Phuong Ly) បានអញ្ជើញមកដល់តាមជើងហោះហើររបស់ក្រុមហ៊ុន Vietnam Airlines នៅមូលដ្ឋានទ័ពអាកាស Villamor Air Base ក្នុងទីក្រុង Pasay នៅវេលាម៉ោង ១២:៤០ នាទីរសៀល ដោយទទួលបានពិធីបដិសណ្ឋារកិច្ចផ្លូវការពេញបែបបទ។
រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក Francisco Tiu Laurel Jr. បានអញ្ជើញទទួលស្វាគមន៍មេដឹកនាំវៀតណាម ក្នុងនាមរដ្ឋាភិបាលហ្វីលីពីន។

វិមានប្រធានាធិបតីហ្វីលីពីន Malacañang បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ជាពិសេស ខណៈដែលហ្វីលីពីន និងវៀតណាម ត្រៀមប្រារព្ធខួប ៥០ ឆ្នាំនៃទំនាក់ទំនងការទូត និងខួប ១០ ឆ្នាំនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ក៏ជាលើកដំបូងផងដែរ ដែលមេដឹកនាំបក្សកុម្មុយនីស្តវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន។
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand R. Marcos Jr. គ្រោងនឹងទទួលស្វាគមន៍លោក តូ ឡឹម ជាផ្លូវការនៅវិមាន Malacañang នៅថ្ងៃចន្ទ មុនពេលភាគីទាំងពីរបើកកិច្ចពិភាក្សាទ្វេភាគី ដែលនឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ សន្តិសុខស្បៀង កិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងដែនសមុទ្រ ការអប់រំ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។

វៀតណាម នៅតែជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ហ្វីលីពីននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាដៃគូដ៏សំខាន់មួយរបស់ហ្វីលីពីនក្នុងវិស័យសេដ្ឋកិច្ច និងសន្តិសុខនៅក្នុងតំបន់។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. និងនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung បានឯកភាពគ្នាលើការបង្កើតយន្តការពាណិជ្ជកម្មអង្កររយៈពេលវែង ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននាពេលថ្មីៗនេះ ដើម្បីធានាការផ្គត់ផ្គង់អង្ករប្រកបដោយស្ថិរភាព និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខស្បៀងរវាងប្រទេសទាំងពីរ។
វៀតណាម គឺជាប្រភពផ្គត់ផ្គង់អង្ករដ៏សំខាន់មួយរបស់ហ្វីលីពីន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ និងតម្លៃអង្ករក្នុងស្រុក។
ប្រទេសទាំងពីរ ក៏បានបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមមានប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងការជួញដូរមនុស្ស ខណៈដែលកំពុងស្វែងរកមធ្យោបាយពង្រីកវិស័យទេសចរណ៍ និងការផ្លាស់ប្តូរសេដ្ឋកិច្ចរវាងគ្នាឱ្យកាន់តែទូលំទូលាយ។
បច្ចុប្បន្ន មានពលរដ្ឋហ្វីលីពីនជាង ៧.០០០ នាក់ កំពុងរស់នៅ និងធ្វើការនៅប្រទេសវៀតណាម ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កាន់តែជិតស្និទ្ធ និងរីកចម្រើនរវាងប្រទេសទាំងពីរ។ (PNA)