Close

បក្សកុម្មុយនីស្តវៀតណាម ដកហូតតំណែងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប

ដោយ៖ Chhan Sreyka ​​ | 13 ម៉ោងមុន ព័ត៌មានអន្តរជាតិ
បក្សកុម្មុយនីស្តវៀតណាម ដកហូតតំណែងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប បក្សកុម្មុយនីស្តវៀតណាម ដកហូតតំណែងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប

ហាណូយ វៀតណាម – កិច្ចប្រជុំពេញអង្គលើកទី១២ នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ នៃគណបក្សកុម្មុយនីស្តវៀតណាម (CPV) ដែលដឹកនាំដោយអគ្គលេខាធិការបក្ស លោក តូ ឡាំ (Tô Lâm) បានបញ្ចប់កាលពីថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពីដំណើការរយៈពេលពីរថ្ងៃនៃកិច្ចប្រជុំ។

តាមសេចក្តីរាយការណ៍របស់កាសែត Vietnamnews ឱ្យដឹងថា ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្ស គឺដាក់ទណ្ឌកម្មវិន័យលើអតីតមន្ត្រីជាន់ខ្ពស់មួយចំនួន។

បក្សកុម្មុយនីស្តវៀតណាម ដកហូតតំណែងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប

ជាពិសេស គណៈកម្មាធិការមជ្ឈិមបក្សបានសម្រេច ដកហូតមុខតំណែងបក្សទាំងអស់ ពី៖
• លោក ង្វៀន សួន ភុក (Nguyễn Xuân Phúc)៖ អតីតសមាជិកការិយាល័យនយោបាយ និងអតីតប្រធានរដ្ឋ (ខែមេសា ឆ្នាំ២០២១ – ខែមករា ឆ្នាំ២០២៣)។
• លោក វ៉ូ វ៉ាន់ ធឿង (Võ Văn Thưởng)៖ អតីតសមាជិកការិយាល័យនយោបាយ និងអតីតប្រធានរដ្ឋ (ខែមីនា ឆ្នាំ២០២៣ – ខែមីនា ឆ្នាំ២០២៤)។
• លោក វឿង ឌិញ ហ៊្វឺ (Vương Đình Huệ)៖ អតីតសមាជិកការិយាល័យនយោបាយ និងអតីតប្រធានរដ្ឋសភា (ខែមីនា ឆ្នាំ២០២១ – ខែឧសភា ឆ្នាំ២០២៤)។
• លោក ឡេ មិញ ខាយ (Lê Minh Khái)៖ អតីតលេខាគណៈកម្មាធិការមជ្ឈិមបក្ស និងអតីតឧបនាយករដ្ឋមន្ត្រី (ខែមេសា ឆ្នាំ២០២១ – ខែសីហា ឆ្នាំ២០២៤)។

បន្ថែមពីនេះ គណៈកម្មាធិការមជ្ឈិមបក្សបានយល់ព្រម បណ្តេញលោកស្រី ង្វៀន ធី គីម ទៀន (Nguyễn Thị Kim Tiến) ដែលជាអតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចេញពីគណបក្សកុម្មុយនីស្តវៀតណាម ដោយសារការរំលោភបំពានដែលបានប្រព្រឹត្តក្នុងអំឡុងពេលកាន់តំណែងរបស់លោកស្រី។

កិច្ចប្រជុំពេញអង្គក៏បានអនុម័តសំណើសុំដកតំណែងសមាជិកគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ របស់ លោក ដូ ដឹគ យុយ (Đỗ Đức Duy) ដែលជាសមាជិកគណៈកម្មាធិការមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន។

បក្សកុម្មុយនីស្តវៀតណាម ដកហូតតំណែងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប

ស្រដៀងគ្នានេះដែរ លោក វ៉ូ ជី កុង (Võ Chí Công) ដែលជាសមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិម និងជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទំនាក់ទំនង និងកៀរគរកម្លាំងមហាជននៃគណៈកម្មាធិការបក្ស Can Tho ត្រូវបានអនុញ្ញាតឱ្យចុះចេញពីសមាជិកបម្រុងរបស់លោកនៅក្នុងគណៈកម្មាធិការមជ្ឈិម។

លើសពីនេះ គណៈកម្មាធិការមជ្ឈិមបក្សបានផ្តល់យោបល់លើបញ្ហាបុគ្គលិក ដើម្បីអនុញ្ញាតឱ្យការិយាល័យនយោបាយតែងតាំងបេក្ខភាពជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន សម្រាប់អាណត្តិដែលនៅសល់ពីឆ្នាំ២០២១-២០២៦។ ការតែងតាំងចុងក្រោយនឹងតម្រូវឱ្យមានការផ្តល់សច្ចាប័នដោយរដ្ឋសភាលើកទី១៥។

កាលពីមុន នាយករដ្ឋមន្ត្រី លោក ផាម មិញ ជីញ (Phạm Minh Chính) បានចុះហត្ថលេខាលើសេចក្តីសម្រេចតែងតាំង លោក ច្រឹង ដឹគ ថាង (Trần Đức Thắng) ដែលជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអគ្គអធិការរងអចិន្ត្រៃយ៍នៃអគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាម ជារដ្ឋមន្ត្រីស្ដីទីក្រសួងកសិកម្ម និងបរិស្ថាន៕