ក្រសួងបរិស្ថានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ បានជាង ៣០លានម៉ែត្រគូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈ
ភ្នំពេញ៖ គិតចាប់ពីឆ្នាំ២០២៥ រហូតដល់ដំណាច់ខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានទប់ស្កាត់ទឹកកខ្វក់បានជាង៣០ ៨២៣ ៨៦៨ ម៉ែត្រគូប មិនឱ្យហូរចូលប្រភពទឹកធម្មជាតិ ដើម្បីការពារសុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន។
ដោយឡែក បើគិតចាប់ពីខែមករា ដល់ដំណាច់ខែឧសភា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានជួយទប់ស្កាត់ទឹកកខ្វក់ ចំនួនជាង ១០ ៧៤៨ ៥៩៦ ម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានពង្រឹង ការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តមួយចំនួនជាធរមាននៅកម្ពុជា ដោយតម្រូវឱ្យរោងចក្រ និងសហគ្រាសទាំងអស់ ដែលមានសក្តានុពលប្រភពបំពុល និងបញ្ចេញសំណល់រាវ ដំឡើងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងបំពាក់ឧបករណ៍ស្វ័យប្រវត្តិ តាមដានគុណភាពទឹក ព្រមទាំងចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពទឹកជាប្រចាំនៅទូទាំងប្រទេស។
រោងចក្រ ក្រុមហ៊ុន និងសហគ្រាស ដែលមានហានិភ័យខ្ពស់ បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ គុណភាពទឹក និងបញ្ជូនទិន្នន័យផ្ទាល់ មកក្រសួងបរិស្ថាន គិតមកដល់ពេលនេះ មានចំនួន ៥៩ទីតាំង និងមានរោងចក្រ សហគ្រាស ជាង១០ទីតាំងផ្សេងទៀត បានចុះកិច្ចសន្យា បំពាក់ឧបរណ៍ស្វ័យត្រួតពិនិត្យទឹកកខ្វក់ ជាបន្តបន្ទាប់។
តាមរយៈកិច្ចសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសម្ចាស់ រោងចក្រ/ក្រុមហ៊ុន បានចូលរួមអនុវត្តច្បាប់ និងបានអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កម្ពុជាអាចទប់ស្កាត់ទឹកកខ្វក់ បានរាប់សិបលានម៉ែត្រគូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកធម្មជាតិ ជាពិសេសជួយទប់ស្កាត់ការបំពុលបរិស្ថាន ថែរក្សាការពារបរិស្ថាន សុខភាពរបស់ប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយភាពរុងរឿង ប្រែក្លាយទៅជាប្រទេសមានបរិស្ថានស្អាត ក្នុងទឹកស្អាត លើដីស្អាត និងផ្ទៃមេឃស្អាត ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព៕
