អេស្ប៉ាញ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Euro 2024
ក្រុមជម្រើសជាតិអេស្ប៉ាញ ក្រោមការដឹកនាំរបស់លោក Luis de la Fuente បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Euro 2024 បន្ទាប់ពីបានយកឈ្នះ ក្រុមមាន់គោកបារាំង នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២-១ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង៦ម៉ីននាក់។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់មិញនេះ បារាំង គឺជាអ្នកបើកការនាំមុខ ០-១ មុន ត្រឹមតែ៨នាទីប៉ុណ្ណោះ ពីការតែតបាល់បញ្ជូលទីរបស់កីឡាករ Randal Kolo Muani បន្ទាប់ពីមានការបញ្ជូនបាល់យ៉ាងល្អពីកីឡាករ Mbappe។ ប៉ុន្តែភាពរីករាយរបស់អ្នកគាំទ្របារាំង បានរលាយទៅវិញ ពោលគឺរំលងបានតែជាង១០នាទីប៉ុណ្ណោះ យុវជនកំពុងឡើងជើង Lamine Yamal បានជួយឲ្យ អេស្ប៉ាញ តាមស្មើ ១-១ នៅនាទី២១ ពីការស៊ុតបាល់កោងក្រៅប្រអប់ទីដោយប្រើជើងឆ្វេង ហើយ ៤នាទីក្រោយមក Dani Olmo រកបាន១គ្រាប់ ជួយឲ្យ អេស្ប៉ាញ នាំមុខ បារាំង ២-១ វិញម្តង ខណៈលទ្ធផលនេះ រក្សារហូតចប់ការប្រកួត។
តាមរយៈជ័យជម្នះនេះ អេស្ប៉ាញ បានឡើងវគ្គផ្តាច់ព្រ័ត្រ ដោយឈរចាំអ្នកឈ្នះរវាង អង់គ្លេស និងហូឡង់ នៅយប់នេះ។ មែនទែនទៅ នេះគឺជាការឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រជាលើកទី៥ របស់ អេស្ប៉ាញ ក្នុងប្រវត្តិសាស្ត្រពានរង្វាន Euro។
គួរបញ្ជាក់ថា អេស្ប៉ាញ គឺជាក្រុមតែមួយគត់ ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ ដែលមិនទាន់ស្គាល់ពាក្យ ពោលគឺឈ្នះ គ្រប់ការប្រកួត ហើយក៏មិនទាន់ធ្លាប់ឈានវគ្គប៉េណាល់ទីកាត់សេចក្តីឡើយ៕