៦ខែ កម្ពុជារកចំណូលបានជាង ២៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ
សៀមរាម៖ កម្ពុជារកចំណូលបានជាង២៤លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរអន្ដរជាតិ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤នេះ ពោល តួលេខនេះមាន ការកើនឡើងជាង ៣៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រិះស្ថានអង្គរ នៅថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៤។
ប្រភពដដែលនេះ បានឱ្យដឹងថា ក្នុង រយៈពល៦ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែមិថុនាឆ្នាំ២០២៤នេះ ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរមានចំនួន៥២ម៉ឺន១ពាន់៩៥០នាក់ រកចំណូលបានចំនួន ២៤លាន ៣៥ម៉ឺន៧ពាន់៦៩៥ ម៉ឺនដុល្លារ ។
ប្រភពដដែលបន្ថែមថា ចំណែកនៅក្នុងខែមិថុនាឆ្នាំ២០២៤ កន្លងមកនេះ មានភ្ញៀវទេសចរអន្ដរជាតិទិញបណ្ណចូលទស្សនាអង្គរ មានចំនួន៤ម៉ឺន៩ពាន់៦៩២ នាក់ រកចំណូល ថវិកាចំនួន ២លាន១៥ម៉ឺន៨០៤ដុល្លា កើនឡើងជាង១៨ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។
រមណីយដ្ឋានអង្គរ ស្ថិតនៅក្នុងខេត្តសៀមរាបមាន ទំហំ៤០១ គីឡូម៉ែត្រការ៉េ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់ អង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ពេញនិយមនៅប្រទេសអាស៊ីអាគ្នេយ៍ ៕