ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កោតសរសើរក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ក្រោយឈ្នះមេដាយសំរឹទ្ធ ជើងឯកអាស៊ី នៅវៀតណាម
(កីឡាកាយសម្ព័ន្ធ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានផ្ញើសារអបអរសាទរ និងកោតសរសើរក្រុមកីឡាកាយសម្ព័ន្ធជម្រើសជាតិកម្ពុជា ដែលដណ្ដើមបានមេដាយសំរឹទ្ធ ពីការប្រកួតកីឡាកីឡាកាយសម្ព័ន្ធ Aerobic Gymnastics Asian Championship 2024 នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ឯកឧត្តមបណ្ឌិត ថោង ខុន បានលើកឡើងថា៖«សូមអបអរសាទរ និងកោតសរសើរក្មួយៗ ចៅៗ ដែលជាកីឡាករ-កីឡាការិនី នៃក្រុមកីឡាកាយសម្ព័ន្ធជម្រើសជាតិកម្ពុជា ចំពោះការខិតខំប្រឹងប្រែងហ្វឹកហាត់ រហូតទទួលបានលទ្ធផលមួយដ៏ល្អប្រសើរ នៅក្នុងការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក ជ្រើសរើសជើងឯកអាស៊ី លើកទី៩ ដែលដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសា Senior Group (សម្ដែងក្រុមនារី) ដោយកីឡាការិនី ស៊ីវ ចន្ថា, ណេម សុខហេង, ឌឹម អ៊នធីតា, ឈួន សុវណ្ណបញ្ញា និងកីឡាការិនី ម៉ូ ស្រីពៅ» ។
ជាមួយគ្នានេះ ឯកឧត្តមប្រធាន ក៏បានជំរុញ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ត្រូវបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីសម្រួចសមត្ថភាព និងពង្រឹងគុណផលកម្រិតខ្ពស់ ត្រៀមការប្រកួតអន្ដរជាតិនានា ដូចជាការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ និងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ជាដើម។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ 9th Aerobic Gymnastics Asian Championship 2024 ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិកចំនួន ១២នាក់ ទៅចូលរួមប្រកួត។ តាមការគ្រោងទុក បន្ទាប់ពីបញ្ចប់បេសកកម្មខាងលើ ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ត្រឡប់មកមាតុភូមិវិញ នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ៕