ទីបំផុត! Kylian Mbappé សម្រេចចូលរួមជាមួយ Real Madrid
(បាល់ទាត់)៖ ក្លិបអធិរាជស Real Madrid កាលពីយប់ថ្ងៃច័ន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមសញ្ជាតិបារាំង Kylian Mbappé ជាផ្លូវការហើយ ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ។
ក្លិប Real Madrid បានប្រកាសក្នុងសេចក្ដីថ្លែងការមួយថា៖« Real Madrid CF និង Kylian Mbappé បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលគាត់នឹងក្លាយជាកីឡាកររបស់ Real Madrid សម្រាប់ ៥រដូវកាលបន្ទាប់»។
ទន្ទឹមនឹងនេះ Mbappé ក៏បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមភ្លាមៗថា៖«សុបិន្តក្លាយជាការពិត។ ខ្ញុំពិតជារីករាយ និងមានមោទនភាពណាស់ ដែលបានចូលរួមជាមួយក្លឹបក្នុងក្តីស្រមៃរបស់ខ្ញុំ។ ខ្ញុំមានមោទនភាពក្នុងការចូលរួមជាមួយ Real Madrid។ គ្មាននរណាម្នាក់ដឹងថា ខ្ញុំរំភើបខ្លាំងប៉ុណ្ណានោះទេ ក្នុងពេលនេះទេ។ ខ្ញុំមិនអាចរង់ចាំជួបអ្នកទាំងអស់គ្នានៅក្លិបនេះបានទេ ហើយអរគុណ សម្រាប់ការគាំទ្រមិនគួរឱ្យជឿរបស់អ្នក! ខ្ញុំសូមនិយាយថា៖ 𝐡𝐚𝐥𝐚 𝐌𝐚𝐝𝐫𝐢𝐝!»។

មែនទែនទៅ Mbappé មានទំនាក់ទំនងជាយូរមកហើយជាមួយនឹងការផ្លាស់ទៅ Madrid សូម្បីតែមុនពេលដែលគាត់បានចុះកិច្ចសន្យាបន្តរយៈពេលពីរឆ្នាំ ជាមួយ PSG នៅឆ្នាំ ២០២២។
គួរបញ្ជាក់ថា Mbappé បានចូលរួមជាមួយ PSG ពី Monaco ក្នុងតម្លៃខ្លួន ២១៤លានដុល្លារ ក្នុងឆ្នាំ ២០១៧ ដែលធ្វើឱ្យរូបគេក្លាយជាកីឡាករមានតម្លៃខ្លួនផ្ទេរថ្លៃបំផុតទីពីរនៅលើពិភពលោក បន្ទាប់ពី Neymar Jr។ កីឡាករវ័យ២៥ឆ្នាំរូបនេះ បានលេងច្រើនជាង ៣០០ប្រកួត សម្រាប់ក្លឹប ដោយស៊ុតបញ្ចូលទីសរុប ២៥០គ្រាប់ និងបានឈ្នះជើងឯកលីក ចំនួន ៦ដង៕

