មន្ត្រីខេត្តសៀមរាបឱ្យពលរដ្ឋនៅក្រុងរុនតាឯកដាំរុក្ខជាតិហូបផ្លែ ដំណាំ និងកូនឈើផ្សេងៗ
សៀមរាប៖ លោក អ៊ឹង សុភ័ណ្ឌ នាយករងរដ្ឋបាលខេត្តសៀមរាបបានជំរុញនិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ឱ្យនាំគ្នាដាំដុះនូវឈើជារុក្ខជាតិហូបផ្លែរួមជាមួយបន្លែបង្ការគ្រប់ប្រភេទនៅតាមចន្លោះដីក្នុងភូមិឋានរសប់ខ្លួនដើម្បីជួយជាប្រយោជន៍ក្នុងការប្រើប្រាស់ហូបចុកប្រចាំថ្ងៃ ។
លោក អ៊ឺង សោភ័ណ បានជំរុញ បែបនេះក្នុងពេលចូលរួមក្នុងពិធីចែកកូនឈើហូបផ្លែជាង២០ប្រភេទ ជូនប្រជាពលរដ្ឋចំនួន ៦០ គ្រួសារ និងមន្ទីរពេទ្យក្រុងរុនតាឯកតេជោសែន ចំនួន ៦០០ ដើម នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់អភិវឌ្ឍន៍ក្រុងរុនតាឯកតេជោសែន ដើម្បីចូលរួមចំណែកលើកស្ទួយជីវភាពប្រជាជន និងអបអរវិវាបរិស្ថានពិភពលោក។

លោក អ៊ឹង សោភ័ណថ្លែងថា ៖«ការដាំកូនឈើហូបផ្លែ បើយើងដាក់ជីរស្រោចទឹកថែទាំបានត្រឹមត្រូវ នោះដំណាំនឹងមានផលល្អ និងអាចឈានទៅលក់ក្នុងទីផ្សារបានទៀតផង ខណៈដែលឆាប់ៗខាងមុខនេះតំបន់រុនតាឯក នឹងប្រកាសជាផ្លូវការក្លាយជាទីក្រុងរុនតាឯកតេជោសែន ជាក្រុងទី២បន្ទាប់ពីទីក្រុងសៀមរាប »។
លោកបន្ថែមថា ថា៖បច្ចុប្បន្នទីក្រុងរុនតាឯកតេជោសែន រាជរដ្ឋាភិបាលបាន បង្កើតនិងរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានា មានដូចជាផ្លូវថ្នល់ខ្វាត់ខ្វែង ប្រព័ន្ឋធារាសាស្ត្រ មន្ទីរពេទ្យ សាលារៀន វត្តអារាម ទីផ្សារនិង រចនាសម្ព័ន្ឋនៃការគ្រប់គ្រងទីក្រុងជាដើម ។ល។និង។ល។
លោកអ៊ឹង សុភ័ណ្ឌបញ្ជាក់ថា៖ដូចនេះដើម្បីតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់អភិវឌ្ឍរុនតាឯកឱ្យក្លាយជាទីក្រុង ចាំបាច់បងប្អូនប្រជាពលរដ្ឋត្រូវរួមចំណែកអភិវឌ្ឍនិងកសាងសង្គមគ្រួសាររបស់ខ្លួនឱ្យមានការរីកចម្រើនផងដែរតាមរយៈ ការបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ ជំរុញឱ្យកូនចៅសិក្សារៀនសូត្រ ស្វែងរកការសិក្សាវិជ្ជាជីវៈជំនាញ ពោលគឺប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តទាំងអស់គ្នាទើបសេដ្ឋកិច្ចនិងជីវភាពគ្រួសារនីមួយៗបានរីកចម្រើន។

លោក បន្ថែមថា ការដាំកូនឈើហូបផ្លែនិងកូនឈើប្រភេទផ្សេងៗទៀតសម្រាប់តំបន់នេះ គឺជាការរួមចំណែកជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដាំស្តារព្រៃឈើរិចរិល និងត្រូវចូលរួមថែរក្សារុក្ខជាតិនិងកូនឈើដែលបានដាំហើយឱ្យបានលូតលាស់ល្អ សម្រាប់ជាអាហារប្រចាំគ្រួសារផង ជាម្លប់ផង និងជួយដល់បរិយាកាសជុំវិញខ្លួនយើងឱ្យមានខ្យល់បរិសុទ្ឋផង ពោលគឺយើងត្រូវស្រឡាញ់ដើមឈើឱ្យដូចជាស្រឡាញ់កូនចៅគ្រួសារយើងដែរ។
ជាមួយគ្នានោះ លោក តុន តាំងលី អនុប្រធានអង្គការជឿជាក់លើសិស្សជនបទកម្ពុជា និងជាប្រធានគម្រោងធី ដើមឈើសម្រាប់ជីវិត ឱ្យដឹងថា នេះជាលើកទី៤ដែលអង្គការបានផ្តល់កូនឈើជារុក្ខជាតិហូបផ្លែជាច្រើនប្រភេទជូនដល់ប្រជាសហគមន៍ក្នុងតំបន់អភិវឌ្ឍរុនតាឯក ដែលលើកនេះមានចំនួន៦០០ដើមផ្តល់ជូនដោយឥតគិតកម្រៃជូនដល់៤៦គ្រួសារក្នុងមួយគ្រួសារទទួលបាន១២ដើម និងមណ្ឌលសុខភាពប៊ុនរ៉ានី ហ៊ុនសែន រុនតាឯកចំនួន៥០ដើមផងដែរ រុក្ខជាតិទាំងនេះមានដូចជា ជម្ពូ ម្កាក់ ល្មុត ទៀប ក្រូច ពុទ្រា ព្រីង សេដា។ល។

លោក បន្ថែមថា កម្មវិធីផ្តល់ជូននៅពេលនេះគឺធ្វើឡើងក្នុងគោលបំណងចូលរួមអបអរសាទរកម្មវិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ថ្ងៃទី ០៥ មិថុនា ២០២៤ និងដើម្បីឱ្យគ្រួសារដែលបានយកទៅដាំមានឱកាសទាញយកប្រយោជន៍ក្រោយពីរុក្ខជាតិទាំងនោះឱ្យផល ដើម្បីពួកគាត់បរិភោគឬលក់ដូរទៅតាមតម្រូវការ ។
លោក សង្កត់ទៀតថា បន្ថែមពីនេះការដាំកូនឈើគ្រប់ប្រភេទ វាផ្តល់ប្រយោជន៍ច្រើនណាស់ដល់ មនុស្ស និង សព្វ ពោលឈើផ្តល់ឱ្យ យើងនូវ សម្ភារៈប្រើប្រាស់ រាប់មិនអស់ ពិសេស ជាងនេះ ឈើ និង ព្រៃឈើ ជួយ ទប់ស្កាត់ ការប្រែប្រួល ធាតុអាកាស ជួយ ទាញ ទឹក ភ្លៀង និងជួយការពារខ្យល់ និងនាំឱ្យរដូវកាល មានភាពប្រក្រតី ទៀតផង ប្រសិនបើ យើង បន្តដាំ និងរក្សាព្រៃឈើ ឱ្យបានគង់វង្ស៕

